(កៀវ)៖ ប្រមុខទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃអាទិត្យនេះ បាននិយាយថា ផែនការរបស់រុស្ស៉ីស្តីពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិច នៅក្នុងទឹកដីបេឡារុស គឺប្រៀបដូចជាការយកសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ីមួយនេះ ធ្វើជាចំណាប់ខ្មាំងនុយក្លេអ៊ែរ ហើយវាមុខជានឹងបង្កអស្ថិរភាពផ្ទៃក្នុង នៅបេឡារុសមិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។

ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសពីការសម្រេចចិត្ត ដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុស កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ខណៈវាគឺជាការផ្ញើសារព្រមានធ្ងន់មួយចំពោះអង្គការណាតូ (NATO) សម្រាប់ការបន្តជួយជ្រោមជ្រែងផ្នែកយោធាដល់អ៊ុយក្រែន ហើយវា​ក៏នឹងធ្វើឱ្យការប្រឈមមុខគ្នា ក៏កាន់តែខ្លាំងឡើងផងដែរជាមួយក្រុមលោកខាងលិច។

លោក ពូទីន បាននិយាយដូច្នេះថា «យើងនឹងមិនផ្ទេរការគ្រប់គ្រងអាវុធទាំងនោះឱ្យទៅបេឡារុសតែម្តងឡើយ ខណៈសហរដ្ឋអាមេរិក ក៏មិនបាន​ធ្វើយ៉ាងដូច្នោះជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដែរ។ និយាយរួមទៅ គឺយើងនឹងធ្វើអ្វី ដែលពួកគេបាននិងកំពុងធ្វើ អស់រយៈពេលរាប់ទសវត្សរ៍​មកហើយ»។ ក្រោយសេចក្តីប្រកាសនេះ ទីក្រុងវ៉ាស៉ីនតោន ដែលជាប្រទេសកំពូលមហាអំណាចនុយក្លេអ៊ែរមួយទៀតនោះ បានចេញមុខ​និយាយបន្ទាបក្តីព្រួយបារម្ភ អំពីលទ្ធភាពដែលទីក្រុងមូស្គូនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយអះអាងថា ខ្លួនពុំបានសង្កេតឃើញមានសញ្ញាខុសប្រក្រតីខ្លាំងអ្វីឡើយ។

លោក អូឡិចស៉ី ដានីឡូវ​ (Oleksiy Danilov) ប្រធានក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិរបស់អ៊ុយក្រែន បានហៅផែនការរបស់លោក ពូទីន ថា ជាការផ្តើមបោះជំហានមួយ ឆ្ពោះទៅរកអស្ថិរភាពផ្ទៃក្នុងនៅបេឡារុស និងដូចទៅនឹងវិមានក្រឹមឡាំងយកបេឡារុសធ្វើចំណាប់ខ្មាំងនុយក្លេអ៊ែរ យ៉ាងដូច្នោះ។ ចំណែកទីប្រឹក្សាជាន់ខ្ពស់ម្នាក់ទៀតរបស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ការធ្វើសេចក្តីថ្លែងការណ៍របស់លោក ពូទីន ស្តីពីអាវុធនុយក្លេអ៊ែរតាក់ទិចនៅបេឡារុស គឺមានន័យថា មេដឹកនាំរុស្ស៉ីរូបនេះកំពុងភ័យខ្លាចសង្រ្គាមឈ្លានពានរបស់ខ្លួនទទួលបរាជ័យ ហើយអ្វីដែលលោកអាចធ្វើបាន គឺមានតែប្រើយុទ្ធសាស្រ្តបន្លាចគេឯងបែបនេះ។

គួរបញ្ជាក់ថា បើតាមលោក ពូទីន កន្លងមកនេះ រុស្ស៉ីបានដាក់ឱ្យឈរជើង យន្តហោះយោធាចំនួន១០គ្រឿងរួចស្រេច នៅបេឡារុស ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរតាក់ទិច ហើយទីក្រុងមូស្គូក៏បានផ្ទេរឱ្យបេឡារុស នូវប្រព័ន្ធបាញ់ផ្លោងមីស៉ីល អ៉ីស្កាន់ដឺ (Iskander) ប៉ុន្មានគ្រឿង ដែលអាចបាញ់អាវុធនុយក្លេអ៊ែរបានផងដែរ។ អាវុធនុយក្លេអ៊ែរតាក់ទិច គឺសំដៅលើប្រភេទអាវុធនុយក្លេអ៊ែរ ដែលប្រើប្រាស់ជាពិសេសសម្រាប់ យកប្រៀបនៅលើសមរភូមិ មិនមែនជានុយក្លេអ៊ែរ ដែលមានសមត្ថភាពធ្វើឱ្យរលាយទីក្រុងមួយទាំងមូល បាត់ចេញពីផ្ទៃផែនដីនោះឡើយ។

យ៉ាងណាក្តី វាអាចនឹងជាលើកដំបូងបំផុត គិតចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០មក ដែលរុស្ស៉ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្រៅប្រទេស។ នៅពេលសហភាពសូវៀតដួលរលំកាលពីឆ្នាំ១៩៩១ អាវុធនុយក្លេអ៊ែររបស់សូវៀត គឺត្រូវបានដាក់ពង្រាយនៅ​​រដ្ឋឯករាជ្យចំនួន៤ថ្មី នោះគឺរុស្ស៉ី អ៊ុយក្រែន បេឡារុស និងកាហ្សាក់ស្ថាន។ ក្រោយមកនៅខែឧសភា ឆ្នាំ១៩៩២ រដ្ឋទាំង៤បានឯកភាពគ្នាថា អាវុធនុយក្លេអ៊ែរទាំងអស់ គួរតែរក្សាទុកនៅក្នុងប្រទេសរុស្ស៉ី ហើយដំណើរការផ្ទេរក្បាលគ្រាប់នុយក្លេអ៊ែរពីអ៊ុយក្រែន បេឡារុស និងកាហ្សាក់ស្ថាន បានបញ្ចប់ជាស្ថាពរនៅឆ្នាំ១៩៩៦។ ដោយផ្ទុយពីសហរដ្ឋអាមេរិក រុស្ស៉ីមិនធ្លាប់ដែលដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្រៅទឹកដីរបស់ខ្លួនឡើយ ចាប់តាំងពីពេលនោះមក៕