(ប្រាស៉ីលីយ៉ា)៖ អតីតប្រធានាធិបតីប្រេស៉ីល លោក ហ្សាអៀ បុលសូណារ៉ូ (Jair Bolsonaro) ដែលបានចាកចេញពីប្រទេសទៅកាន់សហរដ្ឋអាមេរិក ២ថ្ងៃ មុនអាណត្តិរបស់លោកបិទបញ្ចប់ នឹងត្រឡប់ទៅកាន់ប្រទេសប្រេស៉ីលវិញ នៅថ្ងៃទី៣០ ខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។

បើតាមគណបក្សរបស់លោក បុលសូណារ៉ូ និងមនុស្សជំនិតរបស់លោក លោកអតីតប្រធានាធិបតីប្រេស៉ីលរូបនេះ បានប្រគល់គ្រឿងអលង្ការថ្លៃៗមួយចំនួនដែលលោកទទួលបានពីរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ទៅឱ្យអាជ្ញាធរប្រេស៉ីល តាមរយៈមេធាវីរបស់លោក។ លោក បុលសូណារ៉ូ មានអាយុ ៦៨ឆ្នាំ បានទទួលរងការរិះគន់យ៉ាងខ្លាំងនៅក្នុងរឿងអាស្រូវ ពាក់ព័ន្ធនឹងបញ្ហា និងការចោទប្រកាន់ថារូបលោកបាននាំចូលគ្រឿងអលង្ការចូលក្នុងប្រទេសប្រេស៊ីលដោយខុសច្បាប់។ បើគ្មានអ្វីប្រែប្រួលទេ លោក បុលសូណារ៉ូ នឹងត្រឡប់ទៅដល់ប្រទេសប្រេស៉ីល នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា វេលាម៉ោង៧៖៣០ព្រឹក (ម៉ោងនៅប្រេស៉ីល)។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបរាជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ លោក បុលសូណារ៉ូ បានចាកចេញពីប្រទេសឆ្ពោះទៅកាន់រដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំដដែល ពោលគឺ២ថ្ងៃ មុននឹងប្រធានាធិបតីថ្មី គឺលោក លូឡា ដាស៉ីលវ៉ាស្បថចូលកាន់តំណែង៕