(ប្រាទីស្លាវ៉ា)៖ យន្តហោះ៤គ្រឿងដំបូង នៃយន្តហោះចម្បាំង MiG-29 សរុប១៣គ្រឿង ដែលស្លូវ៉ាគីបានប្រកាសប្រគល់ឱ្យអ៊ុយក្រែន គឺត្រូវបានបញ្ជូនដល់ដៃកងទ័ពអាកាសអ៊ុយក្រែនហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។

យន្តហោះចម្បាំង MiG-29 ទាំង៤គ្រឿង ត្រូវបានហោះហើរចេញពីប្រទេសស្លូវ៉ាគីទៅកាន់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយក្រុមពីឡុតអ៊ុយក្រែនផ្ទាល់ ក្រោមការជួយគាំទ្រពីកងទ័ពអាកាសស្លូវ៉ាគី។ ក្រសួងការពារជាតិស្លូវ៉ាគីបានប្រាប់ថា MiG-29 ៩គ្រឿងទៀត នឹងទៅដល់អ៊ុយក្រែនជាបន្តបន្ទាប់ ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។

រដ្ឋាភិបាលទីក្រុងប្រាទីស្លាវ៉ា បានយល់ព្រមចំពោះផែនការផ្តល់ឱ្យអ៊ុយក្រែន នូវយន្តហោះចម្បាំង MiG-29 ដែលចូលនិវត្តន៍របស់ខ្លួន កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ប្រការនេះបានធ្វើឱ្យស្លូវ៉ាគីក្លាយជាសមាជិកទី២ នៃអង្គការណាតូ (NATO) គឺបន្ទាប់ពីប៉ូឡូញ ដែលឆ្លើយតបតាមការទទូចសុំ​របស់រដ្ឋាភិបាលទីក្រុងកៀវ ដែលចង់បានយន្តហោះចម្បាំងជាខ្លាំង ជាពិសេសយន្តហោះចម្បាំង F-16 របស់អាមេរិក ដើម្បីយកទៅប្រយុទ្ធប្រឆាំង ការឈ្លានពានរបស់រុស្ស៉ី។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការពារជាតិស្លូវ៉ាគី បានឱ្យដឹងថា សហរដ្ឋអាមេរិកបានស្នើលក់ឧទ្ធម្ភាគចក្រប្រយុទ្ធថ្មី ចំនួន១២គ្រឿង ជាមួយការបញ្ចុះតម្លៃក្នុងអត្រា២ភាគ៣ ដើម្បីជាការតបស្នងសម្រាប់យន្តហោះចម្បាំង MiG-29 ដែលប្រទេសអឺរ៉ុបកណ្តាលមួយនេះ បរិច្ចាគឱ្យទៅអ៊ុយក្រែន។

នៅក្រោមសំណើរបស់ទីក្រុងវ៉ាស៉ីនតោន ស្លូវ៉ាគីនឹងត្រូវចំណាយថវិកាត្រឹម៣៤០លានដុល្លារ សម្រាប់ឧទ្ធម្ភាគចក្រ Bell AH-1Z ចំនួន​១២គ្រឿង ហើយក៏រួមមានមីស៉ីលជាង៥០០គ្រាប់ ប្រើជាមួយឧទ្ធម្ភាគចក្រទាំងនោះផងដែរ ខណៈកិច្ចព្រមព្រៀងមានតម្លៃសរុប​ប្រហែល ១ពាន់លានដុល្លារ។ កម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុដល់យោធាបរទេសរបស់រដ្ឋាភិបាលអាមេរិក នឹងរ៉ាប់រយថវិកា៦៦០លានដុល្លារទៀត ដែលនៅសល់។ ក្រៅពីនេះ ទីក្រុងប្រាទីស្លាវ៉ាក៏នឹងទទួលប្រាក់២៦៩លានដុល្លារ ជាសំណងពីសហភាពអឺរ៉ុបថែមទៀតផង៕