(រីយ៉ាដ)៖ ស៉ីរី និងអារ៉ាប៊ីសាអូឌីត បានឯកភាពគ្នាលើការបើកស្ថានទូតឡើងវិញ បន្ទាប់ពីបានកាត់ផ្ដាច់ទំនាក់ទំនងការទូតនឹងគ្នាអស់រយៈពេលជាង ១០ឆ្នាំមកនេះ ហើយបើ ជាការពិតមែន វានឹងក្លាយជាការបោះជំហានមួយយ៉ាងធំក្នុងការអនុញ្ញាតឱ្យស៊ីរីត្រឡប់មកចូលរួមក្នុងពិភពអារ៉ាប់វិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។

Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពស្និទ្ធនឹងរដ្ឋាភិបាលទីក្រុងដាម៉ាស ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ។ ការទំនាក់ទំនងគ្នា រវាងស៉ីរី និងអារ៉ាប៊ីសាអូឌីត កើតមានឡើងបន្ទាប់ពីការសម្រេចបាននូវកិច្ចព្រមព្រៀងស្ដារទំនាក់ទំនងការទូតឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ដែលជាខ្នងបង្អែករបស់ស៉ីរី ក្រោមការសម្របសម្រួលពីចិន។ បើតាមប្រភពដដែល រដ្ឋាភិបាលទីក្រុងរីយ៉ាដ និងរដ្ឋាភិបាលទីក្រុងដាម៉ាស បាននិងកំពុងរៀបចំការបើកស្ថានទូតឡើងវិញ នៅបន្ទាប់ពី ការបញ្ចប់ការខែរ៉ម៉ាឌន របស់អ្នកកាន់សាសនាអ៉ីស្លាម អាចនឹងធ្វើឡើងនៅពាក់កណ្ដាលខែមេសាក្រោយនេះ។

គួរបញ្ជាក់ថា ការសម្រេចចិត្តថានឹងស្ដារទំនាក់ទំនងការទូតឡើងវិញខាងលើ ក៏ត្រូវបានរាយការណ៍ដែរថាធ្វើឡើង នៅក្នុងកិច្ចចរចាមួយនៅអារ៉ាប៊ីសាអូឌីត រវាងមន្ត្រីជាន់ខ្ពស់ អារ៉ាប៊ីសាអូឌីត និងមន្ត្រីជាន់ខ្ពស់ស៊ីរីផ្នែកស៊ើបការណ៍សម្ងាត់។ តែមិនមានការបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃកិច្ចចរចានេះទេ រីឯខាងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងស៉ីរី ក៏មិន ទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយដែរ។ បណ្ដាប្រទេសអារ៉ាប់ដឹកនាំអារ៉ាប៊ីសាអូឌីត បានព្យួរសមាជិកភាពរបស់ស៉ីរី នៅក្នុងសម្ព័ន្ធអារ៉ាប់កាលពីឆ្នាំ២០១១ ជាការឆ្លើយតបទៅ នឹងការបង្រ្កាបយ៉ាងសាហាវលើក្រុមបាតុករ៕