(ប្រ៊ុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុបនឹងពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែនជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃព្រហស្បតិ៍នេះ និងអនុម័តផែនការបង្កើនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដល់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា​ ឆ្នាំ២០២៣។

លោក Guterres នឹងក្លាយជាភ្ញៀវនៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការសហប្រជាជាតិ និងតួកគីបានសម្របសម្រួលការបន្តកិច្ចព្រមព្រៀងស្តីពីការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនប្រកបដោយសុវត្ថិភាពតាមរយៈសមុទ្រខ្មៅ។

ក្រុមមន្ត្រីបាននិយាយថា មេដឹកនាំសហភាពអឺរ៉ុបនឹងទទួលបានព័ត៌មានថ្មីៗអំពីសង្គ្រាមពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky តាមរយៈតំណភ្ជាប់វីដេអូ។

ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បានប្រកាសថា «ដូចរាល់ដង យើងនឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការជួយអ៊ុយក្រែន»។

មេដឹកនាំនឹងគាំទ្រផែនការមួយ ដែលបានព្រមព្រៀងដោយរដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃចន្ទ ដើម្បីដឹកជញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១លានគ្រាប់ទៅកាន់ប្រទេសអ៊ុយក្រែននៅឆ្នាំក្រោយ ដោយការបញ្ចេញពីស្តុក និងចាប់ផ្តើមលទ្ធកម្មរួមគ្នាដ៏សំខាន់មួយ ខណៈអ៊ុយក្រែនកំពុងដុតបំផ្លាញគ្រាប់ផ្លោងក្នុងអត្រាលឿនជាងសម្ព័ន្ធមិត្តរបស់ខ្លួនអាចផលិតបាន៕