(វ៉ាស៉ីនតោន)៖ លោកស្រី ស្វេថ្លាណា ទីខាណូវស្កាយ៉ា (Svetlana Tikhanovskaya) មេដឹកនាំបក្សប្រឆាំងបេឡារុស្សដែលកំពុងនិរទេសខ្លួន នៅថ្ងៃពុធសប្តាហ៍នេះ បានជំរុញឲ្យប្រទេសរបស់ខ្លួន ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៉ី និងបង្ហាញពីជំហរប្រឆាំងការគាំទ្ររបស់លោកប្រធានាធិបតី អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) ចំពោះសង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។

លោកស្រី ទីខាណូវស្កាយ៉ា បានប្រាប់សន្និសីទសារព័ត៌មានមួយនៅឯវិមានកាពីតូល របស់សហរដ្ឋអាមេរិក យ៉ាងដូច្នេះថា «វាដល់ពេលហើយដើម្បីរុញច្រានការជ្រៀតជ្រែក របស់រុស្ស៉ីលើកិច្ចការផ្ទៃ ក្នុងរបស់បេឡារុស។ នោះជារបបខុសច្បាប់ និងធ្វើសកម្មភាពអាណានិគមប្រឆាំងភាពសុខសាន្ត និងអត្តសញ្ញាណជាតិរបស់យើង»។

លោកស្រីបានបន្ថែមថា «យោធានៃប្រទេសឈ្លានពានបានប្រើប្រាស់ទឹកដី ដែនអាកាស និងហេដ្ឋារចនាសម្ព័ន្ធរបស់យើងដោយសេរី ដើម្បីវាយប្រហារ និងគំរាមកំហែងអ៊ុយក្រែន។ យោធារុស្ស៉ីគួរតែ ដកចេញទាំងស្រុងពីបេឡារុស ហើយប្រទេសរបស់យើងត្រូវតែបញ្ឈប់ការចូលរួមនៅក្នុងសង្គ្រាម»។

គួរបញ្ជាក់ថា មេដឹកនាំបេឡារុស លោក លូកាសិនកូ ដែលបានកាន់អំណាចអស់រយៈពេលជិត ៣០ឆ្នាំមកហើយនោះ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក វ្ល៉ាឌីមៀ ពូទីន ហើយបានអនុញ្ញាតឲ្យរុស្ស៉ីបើកការអន្តរាគមន៍លើអ៊ុយក្រែនចេញពីទឹកដីនៃប្រទេសរបស់លោក៕