(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) នៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ប្រទេសចិនកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត ពីរបៀបដែល ទីក្រុងវ៉ាស៊ីនតោន និងពិភពលោកឆ្លើយតបចំពោះការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ប៉ុន្តែមិនទាន់ឈានទៅដល់ការផ្តល់ជំនួយយោធាដល់ក្រុងមូស្គូនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។

ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ទៅកាន់ទីក្រុងមូស្គូ លោក ប្ល៊ីនខិន បានប្រាប់គណកម្មាធិការព្រឹទ្ធសភាថា ប្រសិនបើរុស្ស៉ីអាចធ្វើការវាយប្រហារប្រទេសជិតខាង របស់ខ្លួន ស្រេចតែចិត្ត នោះវានឹងនាំឲ្យមានអំពើឈ្លានពានផ្សេងទៀត ក៏ដូចជាបង្កើតឲ្យមានពិភពនៃជម្លោះ។

លោក ប្ល៊ីនខិន បានគូសបញ្ជាក់ដូច្នេះថា «វិបត្តិនៅអ៊ុយក្រែន មិនមែនជាបញ្ហាសម្រាប់តែអ៊ុយក្រែននោះទេ។ ខ្ញុំគិតថា វាអាចជះឥទ្ធិពលដល់តំបន់អាស៊ី ជាឧទាហរណ៍ជប៉ុន និងកូរ៉េខាងត្បូង ដែលCaអ្នកគាំទ្រដ៏សំខាន់របស់អ៊ុយក្រែននៅក្នុងជម្លោះ»។ លោក ប្ល៊ីនខិន បានបន្ថែមថា «ខ្ញុំគិតថា ប្រសិនបើប្រទេសចិនកំពុងសម្លឹងមើលរឿងនេះដោយយកចិត្តទុកដាក់ នោះពួកគេនឹងទាញយកមេរៀន ពីរបៀបដែលពិភពលោកមានសាមគ្គីភាព ឬអត់ ចំពោះសកម្មភាពឈ្លានពានបែបនេះ»

យ៉ាងនេះក្តី លោក ប្ល៊ីនខិន បានកត់សម្គាល់ថា លោកមិនជឿឡើយថា ចិនបានផ្តល់ជំនួយយោធាណាមួយដល់រុស្ស៉ី។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់ លោក ប្ល៊ីនខិន ខាងលើនេះធ្វើឡើងក្នុងពេលផ្តល់សក្ខីកម្មដល់គណកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា។ ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នាំឲ្យមានការជជែកវែកញែកអំពីរបៀបដែលសង្រ្គាមនឹងប៉ះពាល់ដល់ការគិតខាងផ្នែកយោធារបស់ចិនទាក់ទងនឹងកោះតៃវ៉ាន់៕