(ប៉េកាំង)៖ មុនពេលបើកធ្វើមហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ ក្នុងទីធ្លាតូចមួយនៃភូមិ Chitang ស្រុក Taojiang ខេត្ត Hunan អ្នកភូមិជាង១០នាក់បានអង្គុយជួបជុំគ្នា សំណេះសំណាលជាមួយអភិបាលភូមិយ៉ាងជិតស្និទ្ធ។ លោក Gao Ya តំណាងនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងជាលេខាធិការនៃគណៈកម្មការបក្សក្នុងភូមិ Chitang បើកធ្វើកិច្ចប្រជុំនៅទីធ្លាតាមផ្ទះ ដើម្បីនាំយកសំណើរបស់អ្នកភូមិអំពីការត្រួសត្រាយការអភិវឌ្ឍឧស្សាហកម្មឫស្សី និងការកសាងផ្លូវព្រៃក្នុងតំបន់ភ្នំដាក់ជូនមហាសន្និបាតនៃសភាទាំងពីរ ដែលបើកធ្វើនៅក្រុងប៉េកាំង ។ «សាលពិភាក្សាការងារក្នុងទីធ្លាផ្ទះ» «កិច្ចប្រជុំនៅតាមផ្ទះ» និងកម្មវិធីខ្នាតតូចអំពី“សារបញ្ចេញមតិយោបល់របស់តំណាង នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនឬសមាជិក សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ចំពោះរដ្ឋាភិបាល”។ល។ មហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះកៀកស្និទ្ធនឹង ប្រជាជនតាមរបៀបគ្រប់បែបយ៉ាង ដើម្បីស្តាប់ក្តីបំណងរបស់ពួកគេ ក៏ដូចជាបង្កើតស្ពានទាក់ទងគ្នាយ៉ាងរលូនរវាងរដ្ឋាភិបាលនិងប្រជាជន ។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងថា ក្រោមប្រព័ន្ធរបបសង្គមនិយមរបស់ចិន មានរឿងអ្វីគួរតែពិភាក្សាឱ្យបានល្អ រឿងរបស់ប្រជាជនត្រូវពិភាក្សាដោយប្រជាជនទាំងអស់ ដើម្បីរកបានលទ្ធផលដ៏ល្អបំផុតដែលសមស្របនឹង ក្តីបំណងនិងតម្រូវការនៃសង្គមទាំងមូល នេះទើបជាធាតុពិតនៃប្រជាធិបតេយ្យប្រជាជន ។ ការដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវសំណើរបស់តំណាងប្រជាជនទូទាំងប្រទេសចិននិងសេចក្តីស្នើច្បាប់ របស់សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជាការបង្ហាញនូវប្រសិទ្ធភាពជាក់ស្តែងនៃប្រជាធិបតេយ្យបែបចិន ។ នៅឆ្នាំ២០២២ ស្ថាប័ននានានៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានដោះស្រាយ សំណើរបស់តំណាងប្រជាជនទូទាំងប្រទេសចិនចំនួន៨៧២១ច្បាប់ និងសេចក្តីស្នើច្បាប់របស់សមាជិកសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិនចំនួន៥៨៦៥ច្បាប់ ដែលត្រូវជា៩៤,៨ភាគរយនិង៩៥ភាគរយ នៃចំនួនសរុបនៃសេចក្តីសំណើនិងសេចក្តីស្នើច្បាប់ដោយឡែកពីគ្នា ។

ការប្រឹក្សានយោបាយតាមមូលដ្ឋានតាមទម្រង់ច្រើនបែបយ៉ាង និងប្រកបដោយភាពប្រាកដប្រជាបានដើរតួនាទីដ៏សំខាន់ ។ កាលពីថ្ងៃទី៧ខែមីនា គណៈប្រតិភូនានាដែលបានចូលរួមមហាសន្និបាតលើកទី១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤បានរៀបចំធ្វើកិច្ចប្រជុំតាមក្រុម ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់នីតិប្បញ្ញត្តិ ។ សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មនេះបានលើកឡើងថា នីតិប្បញ្ញត្តិត្រូវប្រកាន់ខ្ជាប់និងអភិវឌ្ឍប្រជាធិបតេយ្យនៃប្រជាជន ក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល គោរពនិងធានាសិទ្ធិមនុស្ស ក៏ដូចជាធានានិងជំរុញសមភាពនិងយុត្តិធម៌ក្នុងសង្គម ។

ពីនីតិប្បញ្ញត្តិដល់ការសម្រេចគោលនយោបាយ សុទ្ធតែត្រូវស្តាប់សំឡេងរបស់ប្រជាជននៅគ្រប់ដំណាក់កាល និងយល់ដឹងពីសភាពការណ៍មូលដ្ឋាន ។ អភិបាលកិច្ចតាមនីតិរដ្ឋបានការពារប្រជាធិបតេយ្យប្រជាជន នឹងបង្ហាញពី “ដំណើរអភិវឌ្ឍន៍ទាំងមូល”ឱ្យបានកាន់តែល្អ ។

លោក Martin Albrow សមាជិកបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងជាសង្គមវិទូដ៏ល្បីឈ្មោះ របស់អង់គ្លេសបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថា ប្រជាធិបតេយ្យបែបចិន គឺទទួលបានការគាំទ្រពីប្រជាជនទាំងអស់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់បក្សកុម្មុយនីស្តចិន ។

នេះជាប្រជាធិបតេយ្យដ៏ស៊ីជម្រៅម្យ៉ាង ដែលខុសគ្នាស្រឡះពីប្រជាធិបតេយ្យរបស់ប្រទេសប៉ែកខាងលិច ។ បន្ទាប់ពីទទួលសារបញ្ចេញមតិយោបល់ គ្រប់បែបយ៉ាងរបស់តំណាងប្រជាជនទូទាំងប្រទេសចិននិងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន កម្មវិធីខ្នាតតូចអំពី“ សារបញ្ចេញមតិយោបល់របស់តំណាង ឬសមាជិកចំពោះរដ្ឋាភិបាល”ដែលទើបដាក់ឱ្យប្រើប្រាស់ មុនពេលបើកធ្វើមហាសន្និបាតនៃសភាទាំងពីរ របស់ចិនឆ្នាំនេះនឹងប្រគល់ទៅឱ្យក្រសួងពាក់ព័ន្ធនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីសិក្សាស្រាវជ្រាវនិងដោះស្រាយយ៉ាងទាន់ហេតុការណ៍ ។ ក្នុងអំឡុងពេលបើកធ្វើមហាសន្និបាត នៃសភាទាំងពីររបស់ចិនឆ្នាំនេះ ការិយាល័យនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចាត់ចែងបុគ្គលិក ការងាររៀបចំជាក្រុមពិសេសដែលមានសមាជិក១០០នាក់ ក្នុងនោះ មាន៧៥នាក់ទៅស្តាប់ការពិនិត្យពិភាក្សារបស់តំណាងប្រជាជនទូទាំងប្រទេសចិន និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននៅហ្នឹងកន្លែង ហើយសមាជិក២៥នាក់ទៀតរៀបចំកំណត់ត្រា របាយការណ៍សង្ខេបនិងសារបញ្ចេញមតិយោបល់ពីកម្មវិធីខ្នាតតូចក្នុងការិយាល័យនៅពីក្រោយ ដើម្បីសម្រាំងមតិយោបល់និងសំណើ ដែលមានលក្ខណៈទូទៅនិងជាគំរូ ហើយផ្ទេរទៅឱ្យស្ថាប័នពាក់ព័ន្ធឆ្លើយតប ។

មហាសន្និបាតនៃសភាទាំងពីររបស់ចិនជាវេទិកាដែលឆ្លុះបញ្ចាំងពី មតិយោបល់របស់ប្រជាជននិងប្រមូលផ្តុំគំនិតឯកភាពរួម ហើយក៏ជាបង្អួចដែលប្រឈមមុខផ្ទាល់នឹងការយកចិត្តទុកដាក់ និងទទួលការត្រួតពិនិត្យផងដែរ ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ថា ប្រជាធិបតេយ្យនៃប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល អាចដំណើរការបាននៅប្រទេសចិន គឺដោយមកពីវាសមស្របនឹងការពិតជាក់ស្តែងរបស់ចិន ពោលគឺអាចប្រមូលផ្តុំគំនិតឯកភាពរួមយ៉ាងឆាប់រហ័ស នាំមកនូវអភិបាលកិច្ចប្រកបដោយគុណភាពល្អ ក៏ដូចជាធ្វើឱ្យប្រជាធិបតេយ្យក្លាយជាចំណងតភ្ជាប់ រដ្ឋាភិបាលនិងប្រជាជនយ៉ាងពិតប្រាកដ។ បច្ចុប្បន្ននេះ ប្រទេសចិនបានចាប់ផ្តើមដំណើរថ្មីនៃកិច្ចកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។ ប្រជាធិបតេយ្យនៃប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូលបានសម្រេចបាន យ៉ាងពិតប្រាកដនូវការអភិវឌ្ឍដើម្បីប្រជាជន ការអភិវឌ្ឍពឹងផ្អែកទៅលើប្រជាជននិងប្រជាជនចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ ។ នៅពេលអនាគត ផ្លូវអភិវឌ្ឍប្រជាធិបតេយ្យនៃប្រជាជនក្នុងដំណើរទាំងមូល នឹងបង្កើតសមិទ្ធផលអភិវឌ្ឍន៍កាន់តែច្រើន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនកាន់តែច្រើន ៕

វិទ្យុមិត្តភាពកម្ពុជាចិន