(ប៉េកាំង)៖ ក្នុងរយៈពេល៣ឆ្នាំដោយគិតចាប់ពីដើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣នេះ ប្រទេសចិនជាជើងឯកប្រកបដោយទំនួលខុសត្រូវស្របតាម និយាមវិទ្យាសាស្រ្តសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោយដៃម្ខាងតម្កល់អាយុជីវិតរបស់ប្រជាជនចិនជាអាទិភាព ដោយរួមមានទាំងខិតខំពន្លឿនល្បឿននៃការសិក្សាស្រាវជ្រាវ និងផលិតវ៉ាក់សាំងប្រឆាំងCovid-19 ហើយដៃម្ខាងចូលរួមជាមួយអង្គការសុខភាពពិភពលោក និយាយរួម ជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក និយាយដោយឡែកក្នុងការទប់ស្កាត់ការរីករាលនៃជំងឺដ៏កាចសាហាវនេះ ក្នុងការចែករំលែកបទពិសោធន៍ទាំងបច្ចេកទេសនិងបច្ចេកវិទ្យា រួមជាមួយការផ្តល់ជាសាធារណៈប្រកបដោយសមធម៌ នូវវ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ដល់បណ្តាប្រទេសនានាទាំងក្នុងកម្រិតទ្វេភាគី និងក្រោមឆ័ត្ររបស់អង្គការសុខភាពពិភពលោក។

នេះជាគោលនយោបាយប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ក្នុងការការពារបាននូវអាយុជីវិតរបស់មនុស្ស ហើយព្យាយាមលុបបំបាត់ឱ្យបានឆាប់អ័ព្ទនៃជំងឺ Covid-19 ពីពិភពលោក ហើយជំនួសមកវិញនូវស្នាមញញឹមនិងក្តីសង្ឃឹមថ្មីនៃកំណើនសេដ្ឋកិច្ចសកល ។ ច្បាស់ណាស់ដែលថា ប្រសិនបើប្រទេសចិនមិនបានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយគ្រប់គ្រងCovid-19ទេ នោះពិភពលោកពិតជាមិនអាចកំណត់បានថាឆ្នាំ២០២៣ ជាពេលវេលាសមស្របនៃការចាកចេញពី Covid-19 នោះឡើយ។ ប្រសិនជាផ្តល់ជូនមេដាយ សម្រាប់ជើងឯកនៃការគ្រប់គ្រងជំងឺ Covid-19 នោះប្រទេសចិននឹងឈរនៅលើតារាងទី១និងខ្ពស់បំផុតក្នុងការទទួលបាន មេដាយដែលបានជួយសង្គ្រោះ ជីវិតមនុស្សគេចចេញពីផ្លូវមរណៈ ដែលបង្កដោយជំងឺCovid-19។ ប្រសិនជាយើងពិនិត្យដោយម៉ត់ចត់លើការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតនៃជំងឺ Covid-19 ហើយឆ្លុះបញ្ចាំងតាមរយៈសុភាសិតទាំង៤ខាងក្រោមនេះ នោះយើងនឹងយល់កាន់តែច្បាស់ថារយៈពេលបីឆ្នាំមកនេះ សមិទ្ធផលរបស់ប្រទេសចិន បានលាតត្រដាងពីភាពគ្មានប្រសិទ្ធភាពរបស់សហរដ្ឋអាមេរិក ដែលតែងបានចោទប្រកាន់ដោយគ្មានទឡ្ហីករណ៍វិទ្យាសាស្រ្ត និងដោយឥតអៀនខ្មាស់៖

«ស្វាស៊ីបាយ លាបមាត់ពពែ» បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីកលល្បិចរបស់ថ្នាក់ដឹកនាំអាមេរិក ដែលបានចោទប្រកាន់ដោយឥតអៀនខ្មាស់លើ ភាពបរិសុទ្ធរបស់ចិនទាក់ទងនឹងប្រភពនៃជំងឺ Covid-19 បើទោះបីជា៖ ១-ចិនដែលជាប្រទេសរងគ្រោះមុនគេដោយសារជំងឺដ៏កាចសហាវនេះ ហើយស្របពេលដែលចិនបានខិតខំ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ២-ប្រទេសចិនបានសហការប្រកបដោយទំនួលខុសត្រូវ ប្រកបដោយតម្លាភាពតាមក្រមនិងនិយាមវិទ្យាសាស្រ្តវេជ្ជសាស្ត្រយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោកបែបណាក៏ដោយ ៣-អនុសាសន៍របស់របាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិន និងអង្គការសុខភាពពិភពលោកស្តីពីប្រភពនៃមេរោគCovid-19 ក៏សហរដ្ឋអាមេរិកបានបដិសេធនូវលទ្ធផល នៃកិច្ចសហប្រតិបត្តិការយ៉ាងល្អនេះ។

«គោដំបៅខ្នង ក្អែកហើររំលង រសាយកន្ទុយ» បាននិងកំពុងអត្ថិភាពក្នុងទង្វើដោយផ្ទាល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងការគ្រប់គ្រងCovid-19 ជាក់ស្តែងកាលពីឆ្នាំ២០២១ជាសក្ខីភាពបញ្ជាក់ថា ដោយសារតែអាមេរិកខ្លួនឯងទប់ Covid-19 មិនជាប់ ទាំងនេះដោយសារកង្វះវិន័យ កង្វះជំនឿចិត្តរបស់ប្រជាជនលើការគ្រប់គ្រងរដ្ឋាភិបាល ទើបកំណើនអ្នកស្លាប់ដោយជំងឺ Covid-19 នៅសហរដ្ឋអាមេរិកកើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីដើម្បីការពារនយោបាយប្រជាភិថុតរបស់ខ្លួន សហរដ្ឋអាមេរិកបែរជាទម្លាក់ទំនួលខុសត្រូវទាំងនេះមកលើប្រទេសចិន ។ នៅពេលដែលនិយាយដល់ការគ្រប់គ្រងជំងឺដ៏កាចសាហាវនេះ ថ្នាក់ដឹកនាំអាមេរិកបែរជាចោទដោយបំពានលើវិធានការគ្រប់គ្រង Covid-19 របស់ប្រទេសចិន ហើយបណ្តាញព័ត៌មានបស្ចិមប្រទេសបែរជាបានរំលេច ពីការសង្ស័យដោយគ្មានមូលដ្ឋានវិទ្យាសាស្រ្តលើប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន ក្នុងការការពារអាយុជីវិតរបស់មនុស្សជាតិ។

«ចិត្តជាទេវទត្ត មាត់ជាទេវតា» ក៏បានរំលេចផងដែរពីឆន្ទៈរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកដែលបានស្តុកទុកវ៉ាក់សាំងសម្រាប់តែប្រទេសខ្លួនឯង ហើយបានផ្តល់វ៉ាក់សាំងដែលជិតផុតកំណត់ទៅឱ្យប្រទេសក្រីក្រដទៃទៀត ហើយបែរជាស្រែកក្តែងៗពីការគោរពសិទ្ធិមនុស្ស ការពារអាយុជីវិតមនុស្សជាតិស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។ ផ្ទុយពីទង្វើរបស់បស្ចិមប្រទេស ប្រទេសចិនបានចែករំលែកវ៉ាក់សាំងប្រឆាំង Covid-19 បើទោះបីជាបរិមាណវ៉ាក់សាំងមានតិចតួចក្នុងប្រទេសរបស់ខ្លួនយ៉ាងណាក៏ដោយ ក្នុងស្មារតីប្រកបដោយទំនួលខុសត្រូវនៅលើមាគ៌ានៃ ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ វ៉ាក់សាំងចិនបានចែកជូនដល់ប្រទេសភាគច្រើនលើសលុប នៅក្នុងពិភពលោក ឬអាចនិយាយម្យ៉ាងទៀតថា ក្នុងចំណោមវ៉ាក់សាំង២ដូសដែលបានចាក់ជូនដល់ ប្រជាជននៅក្នុងពិភពលោក មាន១ដូសជាវ៉ាក់សាំងរបស់ប្រទេសចិន។

«គីង្គក់លក់ថ្នាំស្រែង» ពិតជាស័ក្តិសមក្នុងការផ្តល់ជូនដល់សហរដ្ឋអាមេរិកដែលតែងអួតក្តែងៗ លើការថែរក្សាអាយុជីវិតរបស់មនុស្សជាតិនៅលើពិភពលោកដោយសមភាព ក្នុងពេលដែលខ្លួនមិនអាចគ្រប់គ្រងCovid-19បាន ហើយមិនមានលទ្ធភាពក្នុងការរួមសុខរួមទុក្ខជាមួយបណ្តាប្រទេសដទៃ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19។ គិតមកដល់ពេលនេះ ប្រសិនបើយើងយកបញ្ជីដែលបានចេញផ្សាយដោយអង្គការសុខភាពពិភពលោក ពីចំនួនអ្នកស្លាប់ដោយCovid-19 នោះសហរដ្ឋអាមេរិកនៅតែឈរលើតារាងលំដាប់ទី១ ដែលមានប្រជាជនបានស្លាប់ច្រើនជាងគេ។ ផ្ទុយពីទង្វើរបស់អាមេរិក ចិនបានគ្រប់គ្រងយ៉ាងច្បាស់លាស់ស្របតាមនិយាមវេជ្ជសាស្ត្រ ហើយជាពិសេសគោលនយោបាយ «សូន្យកូវីដ» បានបញ្ជាក់យ៉ាងច្បាស់ពីទំនួលខុសត្រូវរបស់ប្រទេសចិនក្នុងការតម្កល់ អាយុជីវិតរបស់មនុស្សជាតិជាអាទិភាពដោយចូលរួមយ៉ាងសកម្ម និងសំខាន់នៅក្នុងការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នៃការរីករាលដាលនៃជំងឺCovid-19។

ជារួម ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃនិងគាំទ្រយ៉ាងពេញលេញ ដល់អង្គការសុខភាពពិភពលោកដែលមានសិទ្ធិអំណាច លើវិស័យវិទ្យាសាស្រ្តវេជ្ជសាស្រ្ត ប្រទេសចិនតែងប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីវិទ្យាសាស្ត្រប្រកបដោយវិជ្ជាជីវៈ និងវត្ថុបំណងផ្នែកវិទ្យាសាស្ត្រ ដោយបដិសេធដាច់ខាតចំពោះការប្រើប្រាស់លេស នៃបញ្ហាវិទ្យាសាស្រ្តជាឧបករណ៍របស់អ្នកនយោបាយ។ ប្រទេសចិនតែងខិតខំប្រកៀកស្មាជាប់ជានិច្ចជាមួយបណ្តាប្រទេសនានា ក្នុងពិភពលោកក្នុងកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ដោយផ្តល់កត្តាលីករដល់ការថែរក្សាសន្តិភាពនិងបង្កើនការអភិវឌ្ឍ ស្របតាមមាគ៌ារបស់ប្រទេសនីមួយៗ ដោយបន្ស៊ីគោលនយោបាយរបស់ប្រទេសរៀងៗខ្លួន ជាមួយនឹងគំនិតផ្តួចផ្តើមជាច្រើនរបស់ចិនដែលរួមមាន៖ «ខ្សែក្រវាត់និងផ្លូវ» «អភិវឌ្ឍសកល» «សន្តិសុខសកល» និង «អរិយធម៌សកល»

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន