(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តអាមេរិក B-1B បានត្រឡប់​មកកាន់ ប្រទេសកូរ៉េខាងត្បូងឡើងវិញ ដើម្បីចូលរួមការធ្វើសមយុទ្ធ នៅក្នុងថ្ងៃតែមួយដែលទីក្រុងព្យុងយ៉ាង បានបន្តធ្វើតេស្តបាញ់មីស៉ីលបាលិស្ទីគជាថ្មីទៀត ចូលទៅក្នុងសមុទ្រខាងកើត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបន្តថា សមយុទ្ធផ្លូវអាកាសខាងលើ ស្ថិតក្នុងផែ្នកនៃការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ហៅថា «ខែលសេរីភាព (Freedom Shield) រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់តាំងតែពីថ្ងៃទី១៣ ខែមីនាមក ហើយក្រៅពីយន្តហោះ B-1B យន្តហោះចម្បាំងបំបាំងកាយ F-35A របស់កូរ៉េខាងត្បូង និងយន្តហោះចម្បាំង F-16 របស់អាមេរិក ក៏បានចូលរួមផងដែរ។ ការចល័តយន្តហោះទម្លាក់គ្រាប់បែក B-1B សាជាថ្មីមកកាន់ឧបទ្វីបកូរ៉េ កើតមានឡើង ក្នុងរយៈពេលតែ១៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលើកចុងក្រោយដែលវាត្រូវបានបញ្ជូនមកកាន់ទីនេះ។

គួរបញ្ជាក់ថា ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកអាមេរិកខាងលើ គឺស្របពេលដែលកូរ៉េខាងជើង បានបាញ់មីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ ចូលទៅក្នុងសមុទ្រខាងកើត កាលពីព្រឹកថ្ងៃអាទិត្យ ពោលរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាង ទើបបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រភេទ Hwasong-17 ដ៏មានអានុភាពរបស់ខ្លួន៕