(កូឡុំបូ)៖ ក្រុម​សិទ្ធិ​មនុស្ស​ដែល​បាន​ដាក់​សំណុំ​រឿង​​ប្រឆាំង​អតីតប្រធានាធិបតីស្រីលង្ការ ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រសប្តាហ៍នេះថា តុលាការកំពូលរបស់ប្រទេសនេះបានផ្តល់ការអនុញ្ញាត សម្រាប់ដំណើរការនីតិវិធីប្រឆាំងនឹងអតីតប្រធានាធិបតី លោក Gotabaya Rajapaksa។​ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២។

ប្រភពដដែលនេះបានបន្ថែមទៀតថា តុលាការកំពូលស្រីលង្ការក៏បានយល់ព្រមអនុញ្ញាត ឱ្យដំណើរការនីតិវិធីប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Mahinda Rajapaksa អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអតីតអភិបាលធនាគារកណ្តាលពីររូបផងដែរ។

សំណុំ​រឿង​នេះ​ដាក់​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​តម្លាភាព​អន្តរជាតិ បានអំពាវនាវ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​ដឹក​នាំ​របស់​ប្រទេស​កោះ​នេះ ​ចំពោះ​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ជាង ៧ ទសវត្សរ៍៕