(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីប្រទេសដីកោះសូឡូម៉ុន នៃតំបន់ប៉ាស៉ីហ្វិក បាននិយាយថា មូលដ្ឋានយោធាបរទេស នឹងមិនអនុញ្ញាតឱ្យមាន វត្តមាននៅក្នុងប្រទេសលោកជាដាច់ខាត នាឱកាសដែលលោកបានជួបជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី ក្នុងដំណើរទស្សនកិច្ចដើម្បីផ្សះផ្សារទំនាក់ទំនង ក្រោយភាពចម្រូងចម្រាសដែលកើតឡើង ក្រោយការចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន កាលពីប៉ុន្មានខែកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់សូឡូម៉ុនបានរាយការណ៍ នៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្រ្តីសូឡូម៉ុន លោក ម៉ាណាសេ សូហ្កាវ៉ារ៉េ (Manasseh Sogavare) បានលើកឡើងដូចខាងលើ កំលុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) នៅឯទីក្រុងកង់បេរ៉ា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

លោក សូហ្កាវ៉ារ៉េ បាននិយាយដូច្នេះថា «សូឡូម៉ុននឹងមិនធ្វើអ្វីឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួន និងបង្កការខូចខាតចំពោះ​សន្តិសុខរបស់ប្រទេសណាមួយនៅក្នុងតំបន់ ឬក៏តំបន់ប៉ាស៉ីហ្វិកទាំងមូលតែម្តងនោះឡើយ។ សូឡូម៉ុននឹងមិនអនុញ្ញាតដាច់ខាត ឱ្យខ្លួនក្លាយជាកន្លែង សម្រាប់បោះមូលដ្ឋានយោធារបស់បរទេស»

កន្លងមកនេះ អូស្រ្តាលី សហរដ្ឋអាមេរិក និងនូវែលសេឡង់ បានបង្ហាញក្តីបារម្ភរបស់ពួកគេថា កិច្ចព្រមព្រៀងសន្តិសុខដែល​សូឡូម៉ុនបានចុះជាមួយចិន នឹងបើកផ្លូវឱ្យទីក្រុងប៉េកាំងអាចចាប់ផ្តើមបង្កើតមូលដ្ឋានយោធា នៅក្នុងតំបន់ប៉ាស៉ីហ្វិក៕