(មូស្គូ)៖ យោធារុស្ស៉ីបានឱ្យដឹងថា ខ្លួនបានដាក់ពង្រាយក្រុមយន្តហោះចម្បាំង ដែលមានបំពាក់មីស៉ីលល្បឿនលឿនជាងសំឡេង ទៅកាន់តំបន់កាលីនីនក្រាដ (Kaliningrad) ស្ថិតនៅតំបន់អឺរ៉ុបបាល់ទិច ចន្លោះប្រទេសប៉ូឡូញនិងលីទុយអានី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា យន្តហោះចម្បាំង MiG-31 ចំនួន៣គ្រឿង ដែលបំពាក់ មីស៉ីលល្បឿនលឿនជាងសំឡេង គីនហ្សាល់ (Kinzhal) បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស ឆ្កាឡូវ (Chkalovsk) នៅតំបន់ Kaliningrad ក្រោមក្របខណ្ឌនៃចំណាត់ការបន្ថែម ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់បែបយុទ្ធសាស្រ្តរបស់ប្រទេសរុស្ស៉ី ហើយពួកវានឹងត្រូវដាក់ឱ្យស្ថិតក្នុងសភាព ត្រៀមបំពេញបេសកកម្មជាប់ជានិច្ច។

យោងតាមការអះអាងរបស់យោធារុស្ស៉ី មីស៉ីល Kinzhal អាចវាយប្រហារបានចម្ងាយរហូតដល់ ២,០០០គីឡូម៉ែត្រ និងធ្វើដំណើរក្នុងល្បឿន លឿនជាងល្បឿនសំឡេងដល់ទៅ១០ដង។ ល្បឿនសំឡេងគឺ ១,២៣៥គីឡូម៉ែត្រក្នុង១ម៉ោង។

គួរបញ្ជាក់ថា Kaliningrad ដែលធ្លាប់ជាផ្នែកនៃប្រទេសអាល្លឺម៉ង់ បានក្លាយជាតំបន់របស់អតីតសហភាពសូវៀត នៅចុងបញ្ចប់នៃ សង្រ្គាមលោកលើកទី២ កំលុងសន្និសីទ ផតដេម (Potsdam Conference) កាលពីឆ្នាំ១៩៤៥។ តំបន់ Kaliningrad មានប្រជាជនរស់នៅ ប្រហែល១លាននាក់ ភាគច្រើនជាងជនជាតិរុស្ស៉ី ប៉ុន្តែក៏មានជនជាតិអ៊ុយក្រែន ប៉ូឡូញ និងលីទុយអានីមួយចំនួនតូច ផងដែរ។ រីឯតួលេខជាក់លាក់នៃវត្តមានយោធារុស្ស៉ី ដែលឈរជើងនៅទីនោះវិញ គឺមិនត្រូវបានដឹងច្បាស់ឡើយ ខណៈចំនួនប៉ាន់ស្មានចន្លោះ ៩,០០០-២០០,០០០នាក់៕