(វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មានមនុស្សមួយចំនួនបានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះខ្នាតតូចចំនួន ២គ្រឿង បានបុកគ្នាលើអាកាស នៅអាកាសយានដ្ឋាន វ៉ាត់សុនវៀល (Watsonville Municipal Airport) ក្នុងរដ្ឋកាលីហ្វរញ៉ា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់ នៅអាមេរិក)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។

អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក FAA បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា យន្តហោះធុន សេសស្នា-១៥២ (Cessna-152) ១គ្រឿង និងយន្តហោះធុន សេសស្នា-៣៤០ (Cessna-340) ១គ្រឿងទៀត បានបុកគ្នាពេលដែលយន្តហោះទាំងពីរ ត្រៀមលក្ខណៈដើម្បីចុះចត នៅព្រលានយន្តហោះខាងលើ។

គួរបញ្ជាក់ថា យន្តហោះ Cessna-152 មានផ្ទុកមនុស្ស១នាក់ រីឯយន្តហោះ Cessna-340 មានផ្ទុកមនុស្ស២នាក់។ យ៉ាងណាមិញ ហេតុការណ៍នោះ មិនបានបង្កឱ្យមានមនុស្សរងគ្រោះ ឬបាត់បង់ជីវិត នៅលើដីឡើយ។ យោងតាមសេចក្តីថ្លែងការណ៍របស់ FAA ទាំង FAA ផ្ទាល់ និងគណៈកម្មការសុវត្ថិភាពផ្នែកដឹកជញ្ជូន NTSB កំពុងតែបើកការស៉ើបអង្កេតជុំវិញករណីនេះ៕