(សេអ៊ូល)៖ អ្នកនាង គីម យូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងជើង នឹងមិនទទួលយកជំនួយសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ជាថ្នូរនឹងការបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ ហើយថែមទាំងបានប្រាប់ឱ្យប្រធានាធិបតី កូរ៉េខាងត្បូង លោក យូន ស៊ុកយុល បិទមាត់នៅឱ្យស្ងៀមទៀតផង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំំ២០២២។

នេះគឺជាលើកទី១ហើយ ដែលមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានធ្វើការអត្ថាធិប្បាយ ដោយហៅការស្នើឡើងជាលើកដំបូង កាលពីខែឧសភា របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ថាជា «ទង្វើដ៏គឃ្លើន»។ ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយម្តងហើយម្តងទៀត នៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកមានឆន្ទៈក្នុងការផ្តល់ជំនួយសេដ្ឋកិច្ចជាដំណាក់កាលដល់កូរ៉េខាងជើង ប្រសិនបើប្រទេសនេះបញ្ចប់ការអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ និងចាប់ផ្តើមការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។

អ្នកនាង គីម យូជុង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA យ៉ាងដូច្នេះថា «សម្រាប់យើង, កិត្តិយស និងនុយក្លេអ៊ែរ គឺជាសុបិនដ៏អស្ចារ្យ។ បើគ្រាន់តែគិត ថាត្រូវផ្លាស់ប្តូរផែនការ ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនោះ ក្តីសង្ឃឹម និងផែនការរបស់លោក យូន គឺពិតជាសាមញ្ញ ហើយនៅតែក្មេងខ្ចីនៅឡើយ។ គ្មាននរណាម្នាក់ផ្លាស់ប្តូរវាសនារបស់ខ្លួនសម្រាប់នំខេកមួយដុំនោះទេ។ ដូចនេះជារឿងល្អ លោកគួរតែបិទមាត់នៅឱ្យស្ងៀម»

គួរបញ្ជាក់ថា បើតាមអ្នកជំនាញ ផែនការសេដ្ឋកិច្ចចុងក្រោយបង្អស់របស់កូរ៉េខាងត្បូង គឺស្រដៀងគ្នាទៅនឹងសំណើរបស់ប្រធានាធិបតីមុនៗ រួមទាំងការស្នើឡើង កំលុងពេលកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាមេរិក។ កូរ៉េខាងជើងទំនងជាមិនទទួលយកសំណើនេះទេ ហើយទីក្រុងព្យុងយ៉ាងក៏ទើបបានបាញ់សាកល្បង មីស៉ីលគ្រូស (Cruise) ពីរគ្រាប់ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីបង្ហាញជំហររបស់ខ្លួន៕