(អូតាវ៉ា)៖ ប្រតិភូមួយក្រុមនៃសមាជិកសភាប្រទេសកាណាដា កំពុងមានផែនការទៅធ្វើការបំពេញទស្សកិច្ច នៅកោះតៃវ៉ាន់ នាខែតុលាខាងមុខ ដើម្បីស្វែងរកឱកាសសម្រាប់វិស័យសេដ្ឋកិច្ច នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក ខណៈគម្រោងនេះត្រូវគេមើលឃើញថា អាចនឹងបង្កភាពតានតឹងបន្ថែមទៀត រវាងចិននិងលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។

កាលពីដើមខែសីហានេះ ការបំពេញទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) នៅតៃវ៉ាន់ ដោយមិនខ្វល់ពីការព្រមានរបស់ចិន បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារជាខ្លាំង។ ឆ្លើយតបទស្សនកិច្ចនោះ ចិនបានរឹតត្បិតការធ្វើពាណិជ្ជកម្ម ជាមួយតៃវ៉ាន់ ហើយធ្វើសមយុទ្ធយោធាជាច្រើនថ្ងៃ នៅជុំវិញដែនកោះនេះ រួមមានទាំងការបាញ់មីស៉ីលបាលីស្ទីគ រំលងតៃវ៉ាន់ថែមទៀតផង។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំង ក៏បានផ្អាកកិច្ចសន្ទនាជាច្រើនជាមួយអាមេរិក ព្រមទាំងដាក់ទណ្ឌកម្មលើលោកស្រី ផេឡូស៉ី ផ្ទាល់។

ជាមួយគ្នានេះ ចិនក៏បានដាក់ទណ្ឌកម្មលើ អនុរដ្ឋមន្រ្តីម្នាក់របស់លីទុយអានីផងដែរ ដែលបានទៅទស្សនកិច្ចនៅតៃវ៉ាន់ ប៉ុន្មានថ្ងៃក្រោយលោកស្រី ផេឡូស៉ី។ ជាងនេះទៅទៀត ចិនបានហៅដំណើរទស្សនកិច្ចមួយផ្សេងទៀត ដោយក្រុមសមាជិកសភាអាមេរិក នៅទីក្រុងតៃប៉ិ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនថា ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ចិន។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងទស្សនកិច្ចរបស់កាណាដាវិញ សមាជិកសភាលោកស្រី ជូឌី ស្ក្រូ (Judy Sgro) បានឱ្យដឹងថា គណៈកម្មាធិការពាណិជ្ជកម្មរបស់សភា បានរៀបចំគម្រោងដើម្បីទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ យូរដែរមកហើយ។ លោកស្រី Sgro បានលើកឡើងថា គោលបំណងនៃទស្សនកិច្ចនេះ គឺមិនមែនដើម្បីបង្អាក់ឬបង្កបញ្ហាដល់តៃវ៉ាន់ ឬក៏ចិននោះទេ ប៉ុន្តែវាដើម្បីវិស័យសេដ្ឋកិច្ច, ដើម្បីចំណងមិត្តភាព, និងដើម្បីឱកាសសម្រាប់កាណាដា នៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិកទាំងមូល។ បើតាមលោក Sgro តាមពិតទៅ កន្លងមក ក្រុមសមាជិកសភាកាណាដា ធ្លាប់ទៅទស្សនកិច្ចនៅតៃវ៉ាន់ ២លើកក្នុង១ឆ្នាំ ប៉ុន្តែបានផ្អាកធ្វើបែបនោះ ដោយសារតែវិបត្តិកូវីដ១៩៕