(ណៃពិដោរ)៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN) មួយរូប បាននិយាយថាលោកស្រីបានជំរុញឱ្យមេដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយ និងបញ្ឈប់ការអនុវត្តទោសប្រហារជីវិត ក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយដែលធ្វើឡើងចំពេលអំពើហិង្សា កាន់តែមានសភាពធ្ងន់ធ្ងរនៅមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។

លោកស្រី ណូអេលីន ហៃហ្សឺ (Noeleen Heyzer) ជាបេសកជនពិសេស UN សម្រាប់មីយ៉ាន់ម៉ា បានធ្វើដំណើរទៅដល់រដ្ឋធានីណៃពិដោរ កាលពីអង្គារសប្ដាហ៍នេះ និងបានជួបពិភាក្សាការងារជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង។ លោកស្រី ហៃហ្សឺ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «ដំណើរទស្សនកិច្ចរបស់ខ្ញុំ គឺមានគោលដៅបង្ហាញក្ដីព្រួយបារម្ភរបស់ UN និងស្នើឱ្យមាន ការបោះជំហ៊ានដ៏រឹងមាំចាំបាច់នានា ដើម្បីបន្ធូរបន្ថយជម្លោះ និងការឈឺចាប់របស់ប្រជាជន»

លោកស្រីបន្ថែមថាលោកស្រីបានដាក់សម្ពាធ ដោយស្នើឱ្យលោក មីន អោងឡាំង ដោះលែងអ្នកទោសនយោបាយ និងបញ្ឈប់ការអនុវត្តទោសប្រហារជីវិតលើពួកគេ។ ប៉ុន្តែ មិនមានព័ត៌មាន លម្អិតពាក់ព័ន្ធនឹងជំនួបរវាងលោកស្រី និងលោក មីន អោងឡាំង នោះទេ៕

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ណូអេលីន ហៃហ្សឺ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយតុលាការមីយ៉ាន់ម៉ាបានប្រកាស ផ្តន្ទាទោសលោកស្រី អោងសាន ស៊ូជី ដាក់ពន្ធនាគារ ៦ឆ្នាំ ពីបទពុករលួយ៕