(វ៉ាស៊ីនតោន)៖ ជំទាវទីមួយសហរដ្ឋអាមេរិក Jill Biden តេស្តវិជ្ជមានចជំងឺកូវីដ១៩ និងកំពុងមានរោគសញ្ញាស្រាល នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Washington post នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។

នាយកផ្នែកទំនាក់ទំនង លោកស្រី Elizabeth Alexander បានឲ្យដឹងថា ជំទាវទីមួយដែលបានចាក់វ៉ាក់សាំងពីរដង និងដូសជំរុញចំនួនពីរដងផងដែរនោះ បានតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ ហើយឥឡូវកំពុងប្រើប្រាស់ថ្នាំ Paxlovid សម្រាប់ការព្យាបាល ដែលជាថ្នាំប្រឆាំងមេរោគរបស់ក្រុមហ៊ុន Pfizer។

លោកស្រី Alexander បានគូសបញ្ជាក់ថា លោកជំទាវកំពុងសម្រាកនៅកោះ Kiawah នៃរដ្ឋ South Carolina ជាមួយប្រធានាធិបតី លោក Joe Biden ដែលនឹងត្រូវត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ សម្រាប់ការចុះហត្ថលេខាលើឯកសារមួយចំនួននៅថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានអាយុ៧៩ឆ្នាំ បានឆ្លងកូវីដ១៩ កាលពីថ្ងៃទី២១ខែកក្កដាកន្លងទៅនេះ ហើយបានចេញពីការធ្វើចត្តាឡីស័កនៅឯសេតវិមាន កាលពីថ្ងៃទី២៧ ខែកក្កដា។ ប៉ុន្តែ លោកលាប់ជំងឺនេះឡើងវិញកាលពីថ្ងៃទី៣០ ខែកក្កដាដដែល៕