(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) នាថ្ងៃអង្គារនេះ បានលើកឡើងថា រុស្ស៉ីមិនចាំបាច់អ្វីត្រូវប្រើអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។

ប្រមុខការពារជាតិរុស្ស៉ីរូបនេះ បានលើកឡើងដូចខាងលើ ក្នុងកំលុងសុន្ទរកថាមួយ នៅឯសន្និសីទសន្តិសុខអន្តរជាតិទីក្រុងមូស្គូ។ នាឱកាសនោះ លោក Shoigu ក៏បានអះអាងផងដែរថា ប្រតិបត្តិការយោធារបស់អ៊ុយក្រែន កំពុងស្ថិតនៅក្រោមការរៀបចំដោយ សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ទៅវិញទេ។ បើតាមលោក Shoigu សម្ព័ន្ធភាពយោធា NATO ក៏បានបង្កើនការដាក់ពង្រាយ កងទ័ពទៅកាន់តំបន់អឺរ៉ុបកណ្តាលនិងខាងកើត យ៉ាងខ្លាំងក្លាផងដែរ។

គួរបញ្ជាក់ថា ថ្លែងពាក់ព័ន្ធនឹងសន្ធិសញ្ញា New START វិញ លោករដ្ឋមន្រ្តីការពារជាតិរុស្ស៉ី បាននិយាយថា កិច្ចពិភាក្សាដើម្បីបន្លាយ សន្ធិសញ្ញានេះតទៅមុខទៀត ចាំបាច់ត្រូវធ្វើឡើងដោយឈរលើ គោលការណ៍គោរពគ្នាទៅវិញទៅមក ខណៈស្ថានការណ៍បច្ចុប្បន្ន ហាក់មិនមានភាពងាយស្រួលនោះឡើយ នៅជុំវិញសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ រវាងអាមេរិក-រុស្ស៉ីនេះ៕