(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានរិះគន់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែររ៉ែស (Antonio Guterres) សម្រាប់ការគាំទ្រដល់ការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទាំងស្រុង ហើយបានប្រាប់ឱ្យប្រមុខ UN ប្រយ័ត្នប្រយែងពាក្យសម្ដី នៅចំពោះមុខភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២។

ប្រតិកម្មរបស់ក្រសួងការបរទេសកូរ៉េខាងជើង ដែលធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កើតមានឡើងបន្ទាប់ពី លោក អាន់តូនីញ៉ូ ហ្គូទែររ៉ែស កាលពីថ្ងៃសុក្រកន្លងទៅនេះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទាំងស្រុង ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យុល (Yoon Suk-yeol)។

សេចក្ដីថ្លែងការណ៍ដដែល ក៏បានចាត់ទុកផងដែរថាការកត់សម្គាល់របស់ លោក ហ្គូទែររ៉ែស មានភាពលម្អៀង ដោយសារតែកន្លងមក ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ជំហរថាការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវតែធ្វើឡើងនៅទូទាំងតំបន់ ឧបទ្វីបកូរ៉េទាំងមូល ហើយក្នុងនោះរួមមានទាំងការដកកងទ័ព និងសព្វាវុធរបស់សហរដ្ឋអាមេរិកចេញពីតំបន់ផងដែរ មិនមែនប្រើពាក្យរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងតែម្នាក់ឯងនោះទេ។ យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញភាគច្រើនយល់ថាកូរ៉េខាងជើង គ្មានផ្លូវរំសាយ ឬបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ រីឯ សហរដ្ឋអាមេរិក ក៏នឹងមិនព្រមដកកងទ័ពរបស់ខ្លួន ដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង និងជប៉ុន ចេញនោះដែរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរាប់សិបគ្រាប់ ខណៈក្រុមមន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាននិយាយថា របបដឹកនាំលោក គីម ជុងអ៊ុន កំពុងត្រៀមខ្លួនធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក៕