(សេអ៊ូល)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែង «ការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់»ចំពោះការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រ ប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមាន ប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងជម្លោះយោធានាពេលអនាគតជាមួយសហរដ្ឋអាមេរិក និងទីក្រុងសេអ៊ូល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Yonhap នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។

លោក Guterres បានមកដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ជាកន្លែងដែលលោកបានថ្លែងសុន្ទរកថា ដើម្បីប្រារព្ធខួបលើកទី៧៧ នៃការវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែរលើកដំបូង របស់ពិភពលោកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ លោកក៏បានទៅប្រទេសម៉ុងហ្គោលីផងដែរ។

ការអត្ថាធិប្បាយរបស់លោក Guterres បានកើតឡើង នៅពេលដែលមន្ត្រីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានព្រមាន ម្តងហើយម្តងទៀតថា កូរ៉េខាងជើងកំពុងរៀបចំដើម្បីអនុវត្តនូវអ្វី ដែលនឹងក្លាយជាការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន។

កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងព្យុងយ៉ាងបានស្តីបន្ទោសទីក្រុងសេអ៊ូលចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅកូរ៉េខាងជើង ហើយបានព្រមានថានឹង «បោសសម្អាត» អាជ្ញាធររបស់ទីក្រុងសេអ៊ូល។

កាលពីខែមុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេច ដើម្បីប្រមូលការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន នៅក្នុងជម្លោះយោធានាពេលអនាគតជាមួយសហរដ្ឋអាមេរិក និងទីក្រុងសេអ៊ូល៕