(ប៉ារីស)៖ ភ្លើងឆេះព្រៃបានឆាបឆេះនៅភាគនិរតី នៃប្រទេសបារាំងកាលពីថ្ងៃអង្គារ (៩ សីហា) ដោយបានបំផ្លាញផ្ទះចំនួន ១៦ខ្នង និងផ្ទៃដីចំនួន ៦,០០០ហិកតា ព្រមទាំងបានបង្ខំឱ្យមនុស្សជិត ៦,០០០នាក់ជម្លៀសចេញពីតំបន់មួយ ដែលបានវាយប្រហាដោយអណ្តាតភ្លើងដ៏ធំមួយម្តងរួចមកហើយកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។

ប្រទេសបារាំង ដូចជានៅអឺរ៉ុបផ្សេងទៀត កំពុងប្រឈមមុខនឹងរលកកំដៅ និងគ្រោះរាំងស្ងួត ដែលបានបង្កឲ្យមានភ្លើងឆេះព្រៃជាច្រើននៅទូទាំងទ្វីបក្នុងរយៈពេលពីរខែកន្លងមកនេះ។

តំបន់ Gironde នៅភាគនិរតីនៃប្រទេសបារាំង ត្រូវបានវាយប្រហារដោយភ្លើងឆេះព្រៃចំនួនពីរកាលពីខែកក្កដាដែលបានបំផ្លាញព្រៃឈើ ជាង២០,០០០ហិកតា និងបាននាំឱ្យមានការជម្លៀសមនុស្សជិត៤០,០០០នាក់។

ភ្លើងក៏កំពុងឆាបឆេះផងដែរកាលពីថ្ងៃអង្គារ នៅតាមផ្នែកផ្សេងទៀតនៃប្រទេស ដោយមួយនៅផ្នែកភាគខាងត្បូងនៃតំបន់ Lozere និង Aveyron ជាកន្លែងដែលផ្ទៃដីជិត៦០០ហិកតាត្រូវបានឆេះបំផ្លាញអស់។

មិនតែប៉ុណ្ណោះ បើយោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ភ្លើងមួយផ្សេងទៀតបានឆាបឆេះនៅតំបន់ Maine et Loire ស្ថិតភាគខាងលិចប្រទេសបារាំង ដែលផ្ទៃដីចំនួន៦៥០ហិកតាត្រូវបានឆេះ និង៥០០ហិចតាផ្សេងទៀតក្នុងការគំរាមកំហែង៕