(បាងកក)៖ លទ្ធផលនៃការស្ទាបស្ទង់មតិថ្មីមួយ បានបង្ហាញថា ប្រជាជនថៃជិត២ភាគរយ៣ នៅក្នុងប្រទេសថៃ មានបំណង់ចង់ឱ្យ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែងក្នុងខែសីហានេះ ចំពោះមុខការជជែកដេញដោលតែកាន់ខ្លាំងឡើង អំពីប្រធានបទថាតើ អ្នកដឹកនាំរដ្ឋប្រហារយោធាឆ្នាំ២០១៤ រូបនេះ គួរកាន់អំណាចដល់ពេលណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។

ក្រុមប្រឆាំងនៅប្រទេសថៃ កំពុងមានផែនការដាក់ញត្តិទៅតុលាការធម្មនុញ្ញ ដើម្បីឱ្យមានការសម្រេចថាតើ ពេលវេលាជាមេដឹកនាំរបស់លោក ប្រាយុទ្ធ កាលពីអំលុងរបបរដ្ឋាភិបាលយោធា គួរឬមិនគួររាប់បញ្ចូល ក្នុងរយៈពេលនៃអាណត្តិកាន់អំណាច នៅក្នុងរដ្ឋាភិបាលស៉ីវិលបច្ចុប្បន្ន។ នៅក្រោមរដ្ឋធម្មនុញ្ញថៃ បុគ្គលម្នាក់អាចកាន់តំណែងនាយករដ្ឋមន្រ្តី បានរយៈពេលសរុប៨ឆ្នាំ។

ការស្ទង់មតិថ្មីមួយដោយសាកលវិទ្យាល័យថៃ នីដា (NIDA) ដែលមានការចូលរួមពីមនុស្ស ១,៣១២នាក់ ចាប់ពីថ្ងៃទី២-៤ ខែសីហា បានរកឃើញថា សំឡេង៦៤ភាគរយ ចង់ឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង នៅថ្ងៃទី២៣ ខែសីហា គឺគម្រប់៨ឆ្នាំគត់តែម្តង បន្ទាប់ពីលោកបានឡើងជា មេដឹកនាំក្នុងរដ្ឋាភិបាលយោធា តាមរយៈរដ្ឋប្រហារឆ្នាំ២០១៤។ ទន្ទឹមគ្នា ការស្ទង់មតិដែលចេញផ្សាយ កាលពីថ្ងៃអាទិត្យកន្លងទៅ បានបង្ហាញថា សំឡេង៣៣ភាគរយ ចង់រង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ។

កន្លងមក លោក ប្រាយុទ្ធ ក៏បានប្រឈមការបោះឆ្នោតដកទំនុកចិត្តក្នុងសភា ដែលផ្តួចផ្តើមឡើងដោយបក្សប្រឆាំងផងដែរ ប៉ុន្តែលោកបានឆ្លងផុតទាំង៤លើក។ មិនតែប៉ុណ្ណោះ ក៏ធ្លាប់មានការផ្ទុះបាតុកម្ម ដែលដឹកនាំដោយក្រុមយុវជន រយៈពេលច្រើនខែផងដែរ ប្រឆាំងនឹងការដឹកនាំរបស់លោក ព្រមទាំងប្រឆាំងនឹងរបបរាជានិយម នៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា បានកាន់តំណែងជាប្រមុខរដ្ឋាភិបាលយោធា ចាប់តាំងពីឆ្នាំ២០១៤ រហូតមកទល់ឆ្នាំ២០១៩ ដែលក្រោយការបោះឆ្នោតសកលនាពេលនោះ សភាថៃបានសម្រេចបោះឆ្នោតជ្រើសរើសរូបលោក ឱ្យបន្តកាន់តំណែងជា នាយករដ្ឋមន្រ្តីដដែល។ យោងតាមរដ្ឋធម្មនុញ្ញថៃ ការបោះឆ្នោតសកលបន្ទាប់ ត្រូវគេរំពឹងថានឹងរៀបចំឡើងមិនយូរជាងឆ្នាំ២០២៣ ឡើយ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការប្រកាសផ្លូវការនៅឡើយទេថា វានឹងកើតឡើងនាពេលណាឱ្យប្រាកដ៕