(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ បានអះអាងថាយន្ដហោះចម្បាំង និងនាវាចម្បាំងរបស់ចិនបានធ្វើសមយុទ្ធហាត់សមសម្រាប់ ការវាយប្រហារលើតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង បានផ្អាកកិច្ចសន្ទនាយោធាកម្រិតខ្ពស់ និងវិស័យមួយចំនួនជាមួយសហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងទៀតថាយន្ដហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿងបានដឹកនាំការធ្វើ សមយុទ្ធហាត់សមវាយប្រហារលើតៃវ៉ាន់ ព្រមទាំងប្រតិបត្តិការជាច្រើននៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងនោះរួមមានទាំងការឆ្លងកាត់ខ្សែបន្ទាត់ កណ្ដាល ឬខ្សែមេដ្យាន ដែលជាទ្រនាប់មិនផ្លូវការខណ្ឌចែករវាងចិន និងតៃវ៉ាន់។ បន្ថែមពីលើនេះ យោធាតៃវ៉ាន់បានដាក់ពង្រាយកម្លាំងអាកាស ល្បាតស៊ើបការណ៍ និងនាវាចម្បាំងដើម្បីតាមដានស្ថានការណ៍ ខណៈប្រព័ន្ធមីស៊ីលនានានៅតាមបណ្ដោយឆ្នេរត្រូវដាក់ឱ្យប្រចាំការ។

គួរបញ្ជាក់ថា ចិនបានដឹកនាំការធ្វើសមយុទ្ធយោធាព័ន្ធជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃអាទិត្យចុងសប្ដាហ៍ នេះ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់កាលពីដើមសប្ដាហ៍ កន្លងទៅនេះ៕