(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានកោះហៅមន្រ្តីទូតរបស់កាណាដា គឺ លោក ជីម នីកកេល (Jim Nickel) មកកាន់ស្ថានទូតក្នុងទីក្រុងប៉េកាំង ជុំវិញសេចក្តីថ្លែងការណ៍ដែលចេញដោយ ក្រុមរដ្ឋមន្រ្តីការបរទេសនៃប្រទេស G7។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។

នេះជាចំណាត់ការផ្នែកការទូតថ្មីចុងក្រោយគេ ដែលធ្វើឡើងដោយទីក្រុងប៉េកាំង បន្ទាប់ពី G7 បានអំពាវនាវឲ្យចិន ដោះស្រាយភាពតានតឹងជុំវិញបញ្ហា ច្រកសមុទ្រតៃវ៉ាន់ ដោយសន្តិវិធី។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា អនុរដ្ឋមន្រ្តីការបរទេសចិន លោក សៀ ហ្វេង (Xie Feng) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានជំរុញឲ្យកាណាដា «កែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់» លើបញ្ហាតៃវ៉ាន់ ឬ «ត្រូវទទួលយកផលវិបាកទាំងអស់»

គួរបញ្ជាក់ថា ចិនបានរិះគន់លើរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 សម្រាប់ការប្រាប់ទីក្រុងប៉េកាំងកុំឱ្យប្រើ ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ជាលេសសម្រាប់ការធ្វើសកម្មភាពយោធា ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ រីឯ រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី ម៉េឡាណៃ ចូលី (Melanie Joly) ក៏បានអំពាវនាវដល់ប្រទេសចិន ឲ្យបន្ធូរបន្ថយស្ថានការណ៍ដ៏តឹងតែងនេះ ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៉ី ផេឡូសី នៅកោះតៃវ៉ាន់៕