(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានដាក់កំណត់ទូតតវ៉ា ទៅកាន់បណ្ដាប្រទេសអឺរ៉ុប និងបេសកជនសហភាពអឺរ៉ុប ដែលពាក់ព័ន្ធជុំវិញសេចក្តីថ្លែងការណ៍ស្តីពីតៃវ៉ាន់ ដែលចេញដោយរដ្ឋមន្រ្តីការបរទេសមកពីក្រុមប្រទេស G7 និងអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។

ក្រោយពីមានការប្រកាសរបស់ចិន ក្នុងការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ ព័ទ្ធជុំវិញកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភា តំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី នៅតៃវ៉ាន់ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយ ព្រមានថាការឆ្លើយតបកាន់តែខ្លាំងរបស់ចិន បានប្រថុយនឹងការកើនឡើងភាពតានតឹង និងអស្ថិរភាពក្នុងតំបន់ ហើយថែមទាំងបានសង្កត់ធ្ងន់ដែរថាវាជា ទម្លាប់សម្រាប់សមាជិកសភា មកពីប្រទេសរបស់ពួកគេ ក្នុងការធ្វើដំណើរជាលក្ខណៈអន្តរជាតិ។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក តេង លី (Deng Li) អនុរដ្ឋមន្រ្តីការបរទេសចិន បានដាក់កំណត់ទូតតវ៉ារួចហើយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជុំវិញសេចក្តីថ្លែងការណ៍ខាងលើនេះ។

គួរបញ្ជាក់ថា ចិន បានរិះគន់លើរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 សម្រាប់ការប្រាប់ទីក្រុងប៉េកាំងកុំឱ្យប្រើដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ជាលេសសម្រាប់ការធ្វើសកម្មភាពយោធា ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់៕