(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសចាត់ទុកជំងឺអុតស្វា ជាភាពអាសន្នសុខភាពសាធារណៈដែលនេះជាការសម្រេចចិត្ត មួយ ដើម្បីបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។

ការប្រកាសខាងលើដែលធ្វើឡើងដោយរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក ហ្សាវីយ៉េ បេសឺរ៉ា (Xavier Becerra) កើតមានឡើងនៅចំពេលករណីឆ្លង ជំងឺអុតស្វា បានកើនឡើងដល់ជាង ៧,១០០ករណី នៅទូទាំងសហរដ្ឋអាមេរិក ហើយក្នុងភាគច្រើននៃអ្នកឆ្លងជំងឺនេះ គឺជាបុរសរួមភេទជាមួយ បុរសដូចគ្នា។

ថ្លែងនៅក្នុងសេក្ដីថ្លែងការណ៍មួយ លោក ហ្សាវីយ៉េ បានលើកឡើងដូច្នេះថា «យើងបានត្រៀមខ្លួនសម្រាប់ការចាត់វិធានការឆ្លើយតប និងដោះស្រាយបញ្ហា វីរុសនេះ (អុតស្វា) ហើយយើងជំរុញឱ្យប្រជាជនអាមេរិកគ្រប់រូបមានការប្រុងប្រយ័ត្នចំពោះជំងឺអុតស្វា។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកមិនទាន់មានអ្នកស្លាប់ដោយសារជំងឺអុតស្វានោះទេ។ ជំងឺអុតស្វា ក៏ត្រូវបានអង្គការសុខភាពពិភពលោក ចាត់ទុកជាភាពអាសន្នសុខភាពសាធារណៈសកលផងដែរ៕