(ណៃពិដោ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានធ្វើដំណើរមកដល់រដ្ឋធានីណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា នាថ្ងៃពុធនេះ ដើម្បីបំពេញទស្សនកិច្ចការងារ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន TASS នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

នៅទីនោះ លោកប្រមុខការទូតរុស្ស៉ី បានជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេស នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គឺលោក វុនណា មួង ល្វីន (Wunna Maung Lwin) ព្រមទាំងមន្រ្តីជាន់ខ្ពស់ដទៃទៀត ខណៈជំនួបរបស់លោកជាមួយ ថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ត្រូវបានគ្រោងនឹងធ្វើឡើង ផងដែរ។ វាគឺជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោក មកកាន់មីយ៉ាន់ម៉ា ខណៈប្រធានបទនៃកិច្ចពិភាក្សា គឺផ្តោតទៅលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា។

បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា លោក ឡាវរ៉ូវ នឹងចេញដំណើរបន្តឆ្ពោះមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៉ី នៅរាជធានីភ្នំពេញ ក៏ដូចជាជំនួបទ្វេភាគីជាច្រើនទៀត។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ទៅក្នុងវិបត្តិ ចាប់តាំងពីតែពី យោធាបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១មក ខណៈរុស្ស៉ីគឺជាអ្នកគាំទ្រធំមួយ របស់រដ្ឋាភិបាលយោធាបច្ចុប្បន្ន៕