(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃពុធនេះ បានថ្លែងអំណរគុណចំពោះប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) សម្រាប់សកម្មភាពជាក់ស្តែងរបស់លោកស្រី ដើម្បីបង្ហាញការគាំទ្រចំពោះតៃវ៉ាន់ នៅក្នុងគ្រាដ៏លំបាកនេះ ខណៈលោកស្រី ត្សៃ បានបញ្ជាក់ថា តៃវ៉ាន់នឹងមិនរាថយឡើយទោះជាប្រឈមនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងក៏ដោយ។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

ក្នុងជំនួបក្នុងទីក្រុងតៃប៉ិ លោកស្រី ត្សៃ បានគូសបញ្ជាក់ថា លោកស្រី ផេឡូស៉ី គឺជាមិត្តភក្តិដ៏ស្មោះត្រង់បំផុតម្នាក់របស់តៃវ៉ាន់ ដែលបានបង្ហាញការគាំទ្រ តៃវ៉ាន់ ដោយមិនផ្លាស់ប្តូរចំពោះមុខឆាកអន្តរជាតិ។ លោកស្រី ត្សៃ បានបន្ថែមថា តៃវ៉ាន់ គឺជាដៃគូដែលអាចទុកចិត្តបានសម្រាប់សហរដ្ឋអាមេរិក ហើយ នឹងបន្តធ្វើការជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុង វិស័យសន្តិសុខ ការអភិវឌ្ឍនសេដ្ឋកិច្ច និងខ្សែចង្វាក់ផ្គត់ផ្គង់។

គួរញ្ជាក់ថា លោកស្រី ត្សៃ និងលោកស្រី ផេឡូស៉ី បានជួបគ្នាក្នុងទីក្រុងតៃប៉ិ នាថ្ងៃពុធនេះ ចំពោះមុខការថ្កោលទោសយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសចិន និងជំរុញឲ្យទីក្រុងប៉េកាំងប្រកាសធ្វើសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ ក៏ដូចជាការកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជាដើម៕