(ឡុងដ៏)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេស លោក ហ្សិន ហ្ស៉ីអ៉ីហ័ង (Zheng Zeguang) បាននិយាយថា ចិនប្តេជ្ញាថានឹងឆ្លើយតបដោយផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនប្រើសមាជិកសភានៃប្រទេសអង់គ្លេស ពិតជាទៅទស្សនកិច្ចនៅកោះតៃវ៉ាន់មែននោះ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីកាសែតអង់គ្លេស ដឺ ហ្គាឌៀន (The Guardian) នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

The Guardian បានរាយការណ៍ថា ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងឡុងដ៍ លោក Zheng បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុកនេះ នឹងជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយនឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ សម្រាប់ក្នុងទំនាក់ទំនងចិន-ចក្រភពអង់គ្លេស ដូច្នេះយើងអំពាវនាវឱ្យភាគីអង់គ្លេសគោរពតាមសេចក្តីថ្លែងការណ៍រួម ចិន-អង់គ្លេស ហើយកុំមើលស្រាលភាពរសើបខ្លាំង នៃបញ្ហាតៃវ៉ាន់ ហើយកុំដើរតាមគន្លងរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Zheng ខាងលើនេះ បានធ្វើឡើងបន្ទាប់ពី កាសែត The Guardian បានរាយកាណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា គណៈកម្មាធិការកិច្ចការបរទេសរបស់សភាអង់គ្លេស គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលអាចនៅក្នុងកំលុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២២នេះ ចំពោះមុខភាពតានតឹងដែលកំពុងកើនឡើង នៅឯច្រកសមុទ្រតៃវ៉ាន់ ជាពិសេសវត្តមានរបស់ លោកស្រី ណាន់ស៉ី ផេឡូស៉ី ប្រធានសភាតំណាងរាស្រ្តអាមេរិក នៅលើទឹកដីតៃវ៉ាន់ ជាទង្វើដែលចិនបានថ្កោលទោសថាជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព៕