(ប៉េកាំង)៖ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន ថ្លែងសុន្ទរកថា អំពីការឆ្លៀតទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ របស់លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តអាមេរិក និងបានហៅថា ជាការបង្កហេតុក្នុងចេតនាអាក្រក់ដើម្បីបង្កើតវិបត្តិ។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន ថ្លែងសុន្ទរកថា ថ្ងៃទី២ ខែសីហា លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តអាមេរិកបានឆ្លៀតទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់។ ទាក់ទិននឹងករណីនេះ ភាគីចិនថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់ខាត។ ភាគីចិនបានលើកឡើងច្រើនដងអំពីផលវិបាកដ៏ធ្ងន់ធ្ងរ នៃការឆ្លៀតទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ប៉ុន្តែលោកស្រី Pelosi បានបង្កហេតុក្នុងចេតនាអាក្រក់ដើម្បីបង្កើតវិបត្តិ ។

រឿងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ និងការកំណត់នៃ សេចក្តីប្រកាសរួមចំនួន ៣ រវាងចិននិងអាមេរិក បានប្រហារយ៉ាងធ្ងន់ធ្ងរចំពោះមូលដ្ឋាន នយោបាយនៃទំនាក់ទំនងរវាងចិននិងអាមេរិក និងបានបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងយោធារវាងចិននិងអាមេរិក ។ ទង្វើរបស់អាមេរិកលើកនេះបានបញ្ចេញសញ្ញា ខុស ឆ្គងដ៏ធ្ងន់ធ្ងរដល់កម្លាំង អបគមន៍ដែល ចង់ឱ្យតៃវ៉ាន់ឯករាជ្យ វាបានធ្វើឱ្យភាពតានតឹង នៅក្នុងច្រកសមុទ្រតៃវ៉ាន់កាន់តែខ្លាំងឡើងៗ ។

អាជ្ញាធរនៃគណបក្ស DPP បានឃុបឃិតជាមួយកម្លាំងខាងក្រៅដើម្បីបង្កភាពចលាចល បានទទូចអញ្ជើញលោកស្រី Pelosi ទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់។ ទង្វើនេះគឺមាន គ្រោះថ្នាក់ខ្លាំងណាស់ដែលនឹងបង្កផលវិបាកដ៏ធ្ងន់ធ្ងរជាក់ជាពុំខាន។ កងទ័ពរំដោះប្រជាជនចិន បានប្រុងជើងការកម្រិតខ្ពស់ ហើយនឹងបើកប្រតិបត្តិការយោធា មានលក្ខណៈសំដៅមួយចំនួន ដើម្បីវាយបកទៅវិញក្នុងន័យគាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងប្រឆាំងយ៉ាងដាច់ខាតនូវការជ្រៀតជ្រែក ពីខាងក្រៅនិងការប៉ុនប៉ងបំបែកបំបាក់របស់កម្លាំង អបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ៕