(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ ដោយ បង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ចិន ជាមួយការព្រមានចាត់វិធានការឆ្លើយបតយ៉ាងធ្ងន់ធ្ងន់ទៅនឹងដំណើរទស្សនកិច្ចដែលទីក្រុងប៉េកាំង ចាត់ទុកថា ជា «ទង្វើបង្កហេតុ»

ខណៈភាពតានតឹងកំពុងឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗនៃការវិវត្តទំនាក់ទំនងរវាង សហរដ្ឋអាមេរិក ចិន និងតៃវ៉ាន់៖

* ឆ្នាំ១៩៤៩៖ មេដឹកនាំកុម្មុយនិស្ដចិន លោក ម៉ៅ សេទុង បានវាយបំបាក់កងទ័ពរបស់មេដឹកនាំជាតិនិយមចិន នៃគណបក្សគួរមីងតាង (Kuomintang) គឺលោក ចាង ខៃជៀក (Chiang Kai-shek) នៅក្នុងសង្រ្គាមស៊ីវិលនៅប្រទេសចិន។ ក្រោយបរាជ័យ លោក ចាង ខៃជៀ បានដឹកនាំរដ្ឋាភិបាលរបស់លោកទៅតាំងទីនៅលើ កោះតៃវ៉ាន់ ដោយកាត់ផ្ដាច់ទំនាក់ទំនងជាមួយចិនដីគោក។

* ឆ្នាំ១៩៥០៖ តៃវ៉ាន់ បានក្លាយជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើសង្រ្គាមជាមួយចិន នៅក្នុងសង្រ្គាមកូរ៉េ។ សហរដ្ឋអាមេរិកបានដាក់ពង្រាយ កងនាវាចម្បាំងទៅកាន់តំបន់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីការពារទីក្រុងតៃប៉ិ ពីការវាយប្រហារណាមួយពីសំណាក់ចិន នៅពេលនោះ។

* ពីឆ្នាំ១៩៥៤ ដល់១៩៥៥៖ ផ្ទុះវិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី១។ ទីក្រុងប៉េកាំងបានបាញ់កាំភ្លើងធំលើកោះមួយចំនួនគ្រប់គ្រងដោយតៃវ៉ាន់ នៅភាគខាងអាគ្នេយ៍ នៃឆ្នេរសមុទ្រចិន។ នៅក្នុងវិបត្តិនេះ តៃវ៉ាន់បានបាត់បង់ការគ្រប់គ្រងលើកោះមួយចំនួន ហើយបានបញ្ជូនកងទ័ពដែលនៅសេសសល់ និងប្រជាជនទៅកាន់ កោះតៃវ៉ាន់។

* ឆ្នាំ១៩៥៨៖ វិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី២៖ ចិនបានវាយប្រហារដោយកាំភ្លើងធំក្នុងរយៈពេលជាច្រើនខែ លើកោះ Kinmen និងកោះ Matsu ដែលស្ថិតក្រោម ការគ្រប់គ្រងរបស់តៃវ៉ាន់ តែស្ថិតនៅជិតបង្កើយនឹងចិនដីគោក។ តៃវ៉ាន់បានវាយបកលើចិនវិញ ក្រោមការផ្ដល់ជំនួយជាអាវុធពីសហរដ្ឋអាមេរិក។ នៅក្នុងវិបត្តិ ចិនមិនអាចគ្រប់គ្រងដែនកោះណាមួយទេ។

* ឆ្នាំ១៩៧៩៖ សហរដ្ឋអាមេរិក យល់ព្រមទទួលស្គាល់ «គោលនយោបាយតែមួយ» ដោយផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយងាកទៅភ្ជាប់ទំនាក់ទំនងជាមួយ ចិន។ នៅក្រោមការដឹកនាំរបស់មេដឹកនាំចិន លោក តេង ស៊ាវពីង ចិនបានដាក់ចេញប្រព័ន្ធនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» និងការបង្រួបបង្រួមគ្នាដោយ សន្តិវិធីជាមួយតៃវ៉ាន់។

* ឆ្នាំ១៩៧៩ដដែល៖ សហរដ្ឋអាមេរិកបានអនុម័តច្បាប់ «ទំនាក់ទំនងតៃវ៉ាន់» ឬ Taiwan Relations Act ដែលនៅក្រោមច្បាប់នេះសហរដ្ឋអាមេរិកសម្រេចចិត្តបង្កើត ទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំង តែក៏យល់ព្រមលក់អាវុធឱ្យតៃវ៉ាន់ដើម្បីការពារខ្លួនផងដែរ។

* ឆ្នាំ១៩៨២៖ អតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គិន (Ronald Reagan) អនុម័តលើការធានាចំនួន៦ចំណុច ចំពោះតៃវ៉ាន់ក្នុងនោះរួមមានទាំងការសន្យា ថានឹងបន្តគោរពតាមច្បាប់ទំនាក់ទំនងតៃវ៉ាន់។

* ឆ្នាំ១៩៩៥៖ អតីតប្រធានាធិបតីតៃវ៉ាន់ លោក លី តេង ហ៊ុយ (Lee Teng-hui) បានបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដោយបង្កឱ្យចិនខឹងសម្បារយ៉ាងខ្លាំង។

* ១៩៩៦៖ វិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី៣៖ នៅពេលនោះ តៃវ៉ាន់បានរៀបចំការបោះឆ្នោតប្រធានាធិបតីដោយផ្ទាល់ជាលើកដំបូង។ ប៉េកាំងបានបាញ់មីស៊ីលចូល ក្នុងតំបន់ដែនទឹកក្បែរកោះតៃវ៉ាន់ ហើយសហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងមកកាន់តំបន់។ នៅក្នុងបោះឆ្នោតនេះ លោក លី តេងហ៊ុយ បានទទួលជោគជ័យភ្លូកទឹកភ្លូកដី នៅក្នុងខែមីនា ឆ្នាំ១៩៩៦។

* ឆ្នាំ២០០០៖ លោក ឈិន ស៊ុយ បៀន (Chen Shui-bian) បានជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ ដែលធ្វើឱ្យលោកក្លាយជាប្រធានាធិបតីដំបូងមកពីគណបក្ស ប្រជាធិបតេយ្យជឿនលឿន (DPP)។

* ឆ្នាំ២០០៥៖ ចិនបានអនុម័តច្បាប់ប្រឆាំងនឹងការផ្ដាច់ខ្លួន ក្នុងខែមីនា ដែលប្រកាសថាការប្រកាសឯករាជ្យ ឬការផ្ដាច់ខ្លួនណាមួយរបស់តៃវ៉ាន់ជាទង្វើខុសច្បាប់។ នៅខែមេសា ឆ្នាំដដែលនេះ មេដឹកនាំគណបក្សប្រឆាំងគួរមីងតាង និងគណបក្សកុម្មុយនិស្ដចិន បានជួបមុខគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៤៩មក។

* ឆ្នាំ២០០៨៖ លោក ម៉ា យីងចូវ (Ma Ying-jeou) មកពីគណបក្សគួរមីងតាង និងជាមនុស្សម្នាក់ដែលចង់ឱ្យតៃវ៉ាន់មានទំនាក់ទំនងជិតសិ្នទ្ធជាមួយចិន បានឡើងកាន់អំណាចជាប្រធានាធិបតីតៃវ៉ាន់។

* ឆ្នាំ២០១៦៖ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) មកពីគណបក្ស DPP បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ក្នុងខែមករា ហើយបាន ប្រកាសជំហរប្រឆាំងនឹងចិន។ នៅខែមិថុនា ចិនបានព្យួរចោលនូវរាល់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់។

* ខែធ្នូ ឆ្នាំ២០១៦៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទដោយផ្ទាល់ជាមួយលោកស្រី ត្សៃ អ៉ីងវិន។

* ឆ្នាំ២០១៧៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធមានទំហំទឹកប្រាក់ ១.៤ពាន់លានដុល្លារឱ្យតៃវ៉ាន់។

* ខែមីនា ឆ្នាំ២០១៨៖ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ ដែលជំរុញលើកទឹកចិត្តឱ្យសហរដ្ឋអាមេរិក បញ្ជូនក្រុមមន្ត្រីជាន់ខ្ពស់របស់ខ្លួនបំពេញ ទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។

* ខែកញ្ញា ឆ្នាំ២០១៨៖ ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់គ្រឿងបន្លាស់សម្រាប់យន្ដហោះចម្បាំង F-16 ឱ្យតៃវ៉ាន់ និងយន្ដហោះយោធាមួយចំនួនទៀត មានទំហំទឹកប្រាក់ ៣៣០លានដុល្លារ។

* ខែកក្កដា ឆ្នាំ២០២២៖ លោក ចូ បៃដិន និងលោក ស៊ី ជិនពីង បានបើកកិច្ចសន្ទនាតាមទូរស័ព្ទអស់រយៈពេលជាង២ម៉ោង។ លោក បៃដិន បានបញ្ជាក់ថាអាមេរិក មិនបានកែប្រែគោលនយោបាយចំពោះចិនឡើយ តែប្រឆាំងជាដាច់ខាតរាល់ការព្យាយាមកែប្រែស្ថានភាពដើម ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដោយឯកតោភាគី និងដោយកម្លាំងបាយ។ ជំនួបនេះកើតឡើងចំពេលប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ផេឡូស៊ី ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់៕