(តៃប៉ិ)៖ ប្រជាជនតៃវ៉ាន់មួយចំនួន បាននាំគ្នាចេញធ្វើសកម្មភាពតវ៉ានៅតាមដងផ្លូវ ដើម្បីសម្តែងការប្រឆាំង ចំពោះដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី ដែលទំនងជានឹងកើតឡើង នៅថ្ងៃអង្គារនេះ ហើយកំពុងបង្កភាពតានតឹងជាខ្លាំងជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។

ក្រុមអ្នកតវ៉ាទាំងនោះបានទាមទារឱ្យ លោកស្រី ផេឡូស៉ី លុបចោលជាបន្ទាន់នូវដំណើរទស្សនកិច្ចនេះ ហើយផ្តោតតែទៅលើបញ្ហា ដែលប្រជាជនអាមេរិកទូទៅ កំពុងប្រឈមវិញទើបល្អ។ ខណៈតៃវ៉ាន់ មិនមែនជាគោលដៅផ្លូវការ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ក៏ដោយនោះ លោកស្រី ផេឡូស៉ី ត្រូវគេជឿជាក់ថា នឹងមកដល់កោះតៃវ៉ាន់ ក្នុងថ្ងៃអង្គារនេះ។ យន្តហោះរបស់លោកស្រី ផេឡូស៉ី ត្រូវគេតាមដានឃើញថា បានចាកចេញពីម៉ាឡេស៉ីហើយ ប៉ុន្តែមិនច្បាស់ថាមានគោលដៅឆ្ពោះទៅទីណា នៅឡើយទេ។

គួរបញ្ជាក់ថា ចំពោះមុខដំណើរទស្សនកិច្ចនេះ ក្រសួងការបរទេសចិន ក៏បានបន្តចេញមុខព្រមានជាថ្មីម្តងទៀតថា ទីក្រុងប៉េកាំង នឹងធ្វើការឆ្លើយតបយ៉ាងធ្ងន់ៗបំផុត ប្រសិនបើលោកស្រី ផេឡូស៉ី ពិតជាហ៊ានមកជាន់ដីតៃវ៉ាន់ មែននោះ។ បើលោកស្រីមកដល់តៃវ៉ាន់មែន វានឹងក្លាយជាលើកដំបូងបំផុត ដែលប្រធានសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិក មកបំពេញទស្សនកិច្ចនៅដែនកោះនេះ យ៉ាងដូច្នេះ៕