(ឡុងដ៏)៖ គណៈកម្មការកិច្ចការបរទេសរបស់សភា នៃប្រទេសអង់គ្លេស កំពុងរៀបចំផែនការនៃដំណើរទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់នៅចុងឆ្នាំ២០២២នេះ ដែលអាចធ្វើឡើងកំឡុងខែវិច្ឆិកា ឬដើមខែធ្នូ បើទោះបីជាភាពតានតឹងកំពុងកើតមាននៅក្នុងតំបន់នេះក៏ដោយ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីកាសែតអង់គ្លេស ដឺ ហ្កាឌៀន (The Guardian) នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

The Guardian បានរាយការណ៍ថា ដំបូងឡើយដំណើរទស្សនកិច្ចនេះ គ្រោងធ្វើឡើងនាដើមឆ្នាំ២០២២នេះ ដើម្បីបង្ហាញការគាំទ្ររបស់ចក្រភពអង់គ្លេស ចំពោះតៃវ៉ាន់ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន ប៉ុន្តែដោយសារសមាជិកម្នាក់នៃក្រុមគណៈប្រតិភូសភាអង់គ្លេស បានធ្វើតេស្តមានវិជ្ជមានកូវីដ ១៩ ទើបត្រូវបានផ្អាកទៅវិញ។ គេរំពឹងថា លោក ថម ធូហ្គេនហេត (Tom Tugendhat) ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេស នឹងដឹកនាំគណៈប្រតិភូទៅកាន់កោះតៃវ៉ាន់ ប៉ុន្តែអាចនឹងមានការប្រែប្រួលនៅក្រោយការប្រកាសជ័យជម្នះ របស់បេក្ខភាពថ្នាក់ដឹកនាំបន្ទាប់របស់អង់គ្លេស។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភាពតានតឹងនៅឯច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងកាន់តែខ្លាំង ជាពិសេសជុំវិញការធ្វើដំណើររបស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក។ ផែនការនេះក៏បានគ្រោងឡើងវិញ ចំពេលដែលទំនាក់ទំនង របស់ទីក្រុងឡុងដ៏ ជាមួយទីក្រុងប៉េកាំង បន្តស្ថិតក្នុងសភាពយ៉ាប់យ៉ឺន ខណៈដែលកាលពីសប្តាហ៍មុន បេក្ខជនថ្នាក់ដឹកនាំគណបក្សអភិរក្សនិយម លោកស្រី លីស ត្រាស់ (Liz Truss) និង លោក រីស៉ី ស៊ូណាក់ (Rishi Sunak) បានបង្ហាញជំហរយ៉ាងតឹងតែងរបស់ពួកគេ ចំពោះប្រទេសចិនផងដែរ៕