(ហុងកុង)៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះបានបញ្ជូននាវាចម្បាំង ៤គ្រឿង ក្នុងនោះរួមមានទាំងនាវាផ្ទុកយន្ដហោះចម្បាំង មួយគ្រឿង ឱ្យទៅឈរជើងនៅឯតំបន់ដែនទឹកស្ថិតភាគខាងកើតកោះតៃវ៉ាន់ ខណៈលោកស្រីប្រធានសភាតំណាងរាស្ត្រអាមេរិក ផេឡូស៊ី ត្រូវបាន រំពឹងថានឹងធ្វើដំណើរទៅដល់តៃវ៉ាន់ នៅយប់ថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។

បើតាមកងទ័ពជើងទឹកអាមេរិក នាវាចម្បាំងទាំង៤គ្រឿងខាងលើរួមមាន នាវាផ្ទុកយន្ដហោះចម្បាំង USSR Ronald Reagan ដែលបានធ្វើដំណើរ ឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយកំពុងឈរជើងនៅសមុទ្រហ្វីលីពីន ស្ថិតនៅភាគខាងកើតកោះតៃវ៉ាន់ និងហ្វីលីពីន ព្រមទាំងភាគខាងត្បូង នៃប្រទេសជប៉ុន។

យោងតាមទិន្នន័យរបស់ វែបសាយតាមដានផ្លូវចរាចរណ៍ផ្លូវអាកាស FlightRadar24 នាពេលនេះ គឺយន្តហោះធុន Boeing C-40C ដែលដឹកប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) បានចាកចេញពី ទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៉ីហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅមុននេះបន្តិច នាថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២២។

គួរបញ្ជាក់ថា យ៉ាងណាមិញ ភ្លាមៗបែបនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើគោលដៅបន្ទាប់នៃយន្តហោះរបស់លោកស្រី ផេឡុស៉ី គឺទីណា ប៉ុន្តែលោកស្រីត្រូវគេរំពឹងថា ទំនងជានឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ក្នុងថ្ងៃអង្គារនេះតែម្តង ចំពោះមុខការព្រមានធ្ងន់ៗ ពីសំណាក់ទីក្រុងប៉េកាំង៕