(គូឡាឡាំពួ)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី និងក្រុមប្រតិភូរបស់លោកស្រី បានធ្វើដំណើរមកដល់ប្រទេសម៉ាឡេស៊ីហើយ នៅថ្ងៃអង្គារនេះ ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។

យន្ដហោះពិសេសដឹកលោកស្រី ផេឡូស៊ី និងក្រុមប្រតិភូសមាជិកសភាតំណាងរាស្ត្រអាមេរិក បានចុះចតនៅឯមូលដ្ឋានទ័ពអាកាសម៉ាឡេស៊ី Royal Malaysian Air Force ក្នុងទីក្រុង ស៊ូបាំង (Subang) នៅម៉ោង១០៖៣៣ព្រឹកមិញនេះ (ម៉ោងនៅម៉ាឡេស៊ី) ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ហើយនេះគឺជាលើកដំបូងដែល លោកស្រី ផេឡូស៊ីដែលបំពេញទស្សនកិច្ចមកកាន់ម៉ាឡេស៊ី។

ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកាន់ទីក្រុងគូឡាឡាំពួ ធ្វើឡើងបន្ទាប់ពីលោកស្រីបញ្ចប់ទស្សនកិច្ចនៅសិង្ហបុរី។ ដោយឡែក បើតាមកាលវិភាគ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី លោកស្រីក៏គ្រោងនឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុនផងដែរ ដោយមិនបានបញ្ជាក់ពីតៃវ៉ាន់ទេ។ ប៉ុន្តែបើតាម ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងតៃវ៉ាន់ លោកស្រីប្រធានសភាតំណាងរាស្ត្រអាមេរិករូបនេះត្រូវបានរំពឹងថានឹងធ្វើដំណើរទៅដល់កោះតៃវ៉ាន់ នៅយប់ថ្ងៃអង្គារនេះ តែម្ដង៕