(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បានចាប់ផ្ដើមបំពេញទស្សនកិច្ចនៅក្នុងតំបន់អាស៊ីហើយ ដោយឈប់សំចត មុនគេនៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី១ ខែសីហានេះចំថ្ងៃដែលចិនត្រូវប្រារព្ធខួបលើកទី៩៥ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន (PLA) និងក្នុងបរិបទ ដែលពិភពលោកកំពុងរង់ចាំអ៊ុតមើលថា តើលោកស្រីនឹងបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែរឬក៏យ៉ាងណា?

បើតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយ ដោយការិយាល័យប្រធានសភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដាកន្លងទៅនេះ លោកស្រី ផេឡូស៊ី នឹងដឹកនាំប្រតិភូសមាជិកសភាតំណាងរាស្ត្រអាមេរិកមានសមាជិក៦នាក់ បំពេញទស្សនកិច្ចមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមមានសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ដោយមិនបានបញ្ជាក់ពីតៃវ៉ាន់ឡើយ ហើយមកទល់នឹងម៉ោងនេះលោកស្រីផ្ទាល់ក៏មិនបានបញ្ជាក់ឱ្យច្បាស់ថា តើលោកស្រី នឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់នោះដែរ ដោយសារបញ្ហាសន្តិសុខផ្ទាល់ខ្លួន។ ប៉ុន្តែសារព័ត៌មាន CNN ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់អាមេរិក និងតៃវ៉ាន់ បានរាយការណ៍ថាលោកស្រី ផេឡូស៊ី ត្រូវបានរំពឹងថានឹងឈប់សំចតនៅតៃវ៉ាន់ ទោះបីជាមានការព្រមានពីចិនក៏ដោយ។

អ្នកជំនាញជាច្រើនយល់ថា ចិននឹងចាត់វិធានការធ្ងន់ធ្ងរមិនធ្លាប់មានប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅកោះតៃវ៉ាន់ ប៉ុន្តែក្នុងលក្ខខណ្ឌដែល អាចគ្រប់គ្រងស្ថានការណ៍បាន ដែលនឹងមិនអាចផ្ទុះជាសង្រ្គាមដោយផ្ទាល់រវាងមហាយក្សទាំង២។ តែខណៈភាពតានតឹងរវាងអាមេរិក និងចិនកំពុងក្ដៅគគុក ខាងក្រោមនេះ គឺជាការប្រៀបធៀបកម្លាំងយោធារវាងមហាអំណាចទាំង២៖

A: សហរដ្ឋអាមេរិក (មានប្រជាជនជាង ៣៣៤លាននាក់)

* សហរដ្ឋអាមេរិកឈរនៅលេខរៀងទី១ ក្នុងនាមជាមហាអំណាចយោធានៅក្នុងចំណោមប្រទេសចំនួន១៤២។
* សហរដ្ឋអាមេរិក មានកងទ័ពសកម្មសរុប ១,៣៩០,០០០នាក់ (ជាប់លេខ៣)
* កងទ័ពបម្រុង ៤៤២,០០០នាក់ (ជាប់លេខ១០)
* កញ្ចប់ថវិកាយោធាប្រចាំឆ្នាំជាង៧៧០ពាន់លានដុល្លារ (ជាប់លេខ១)។
* សព្វាវុធអាមេរិកមានយន្ដហោះចម្បាំងសរុប ១៣,២៤៧គ្រឿង (ជាប់លេខ១)
* ក្នុងនោះរួមមានយន្ដហោះប្រយុទ្ធ ១,៩៥៧គ្រឿង (ជាប់លេខ១)
* ឧទ្ធម្ភាគចក្រសរុប ៥,៤៦៣គ្រឿង (ជាប់លេខ១)
* ឧទ្ធម្ភាគចក្រប្រយុទ្ធ ៩១០គ្រឿង (ជាប់លេខ១)
* រថក្រោះសរុប ៦,៦១២គ្រឿង (ជាប់លេខ២)
* រថពាសដែក ៤៥,១៩៣គ្រឿង (ជាប់លេខ១)
* បើតាមវិទ្យាស្ថានសិក្សាស្រាវជ្រាវអន្តរជាតិស្ដុកខុល សហរដ្ឋអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរ ៥,៤២៨គ្រាប់ (ជាប់លេខ២)
* នាវាចម្បាំងសរុប ៤៨៤គ្រឿង
* នាវាផ្ទុកយន្ដហោះចម្បាំង ១១គ្រឿង (ជាប់លេខ១)
* នាវាមុជទឹក ៦៨គ្រឿង (ជាប់លេខ៣)
* នាវាពិឃាដ៩២គ្រឿង (ជាប់លេខ១) ជាមួយនឹងមូលដ្ឋានទ័ពជាង ៨០០កន្លែងនៅជុំវិញពិភពលោក។

B: ចិន (មានប្រជាជនជាង ១៤០០លាននាក់)

* ចិនឈរនៅលេខរៀងទី៣ ជាមហាអំណាចយោធា នៅក្នុងចំណោមប្រទេសចំនួន១៤២។
* ចិនមានកងទ័ពសកម្មសរុបជាង ២លាននាក់ (ជាប់លេខ១) និងកងទ័ពបម្រុង ៥១០,០០០នាក់ (ជាប់លេខ៦)
* កញ្ចប់ថវិកាយោធាប្រចាំឆ្នាំ ២៣០ពាន់លានដុល្លារ (ជាប់លេខ២)។
* ចិនមានយន្ដហោះចម្បាំងសរុប ៣,២៨៥ គ្រឿង (ជាប់លេខ៣)
* យន្ដហោះប្រយុទ្ធ ១,២០០គ្រឿង (ជាប់លេខ២)
* ឧទ្ធម្ភាគចក្រ ៩១២គ្រឿង (ជាប់លេខ៣)
* ឧទ្ធម្ភាគចក្រប្រយុទ្ធ ២៨១គ្រឿង (ជាប់លេខ៣)
* រថក្រោះ ៥,២៥០គ្រឿង (ជាប់លេខ៤)
* រថពាសដែក ៣៥,០០០គ្រឿង (ជាប់លេខ២)។

ចិនមានកងទ័ពជើងទឹកធំជាងគេលំដាប់ទី១ នៅលើពិភពលោក ដោយមាននាវាចម្បាំងសរុប ៧៧៧គ្រឿង ក្នុងនោះមាននាវាផ្ទុកយន្ដហោះចម្បាំងកំពុងប្រើប្រាស់ចំនួន ២គ្រឿង រីឯមួយគ្រឿងទៀតទើបតែផលិតហើយ នាវាមុជទឹក៧៩គ្រឿង (ជាប់លេខ១) នាវាពិឃាដ ៤១គ្រឿង (ជាប់លេខ២) ព្រមទាំងមាន មូលដ្ឋានទ័ពនៅក្រៅប្រទេសតែមួយគត់ គឺនៅប្រទេសជីបូទី ហើយបើតាមវិទ្យាស្ថានសិក្សាស្រាវជ្រាវអន្តរជាតិស្ដុកខុល ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរ ៣៥០គ្រាប់ (ជាប់លេខ៣) និងត្រូវបានគេព្យាករថា អាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរដល់១០០០គ្រាប់ នៅឆ្នាំ២០៣០៕

ប្រភព៖ Globalfirepower (ឆ្នាំ២០២២)