(ប៉េកាំង)៖ ថ្ងៃទី៣១ ខែកក្កដា ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើពិធីបដិសណ្ឋារកិច្ចដ៏ឱឡារិក នៅវិមានសភាប្រជាជន ដើម្បីអបអរសាទរខួបទី៩៥ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ មេដឹកនាំបក្សនិងរដ្ឋដូចជាលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងលោក Li Keqiang នាយករដ្ឋមន្ត្រីចិនជាដើម បានអញ្ជើញចូលរួម។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក Wei Fenghe សមាជិកគណៈកម្មាធិការយោធាមជ្ឈិមចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានឡើងថ្លែងសុន្ទរកថា។ លោកបានលើកឡើងថា រយៈពេល ៩៥ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏រឹងមាំរបស់បក្ស កងទ័ពរំដោះប្រជាជនចិនបានផ្តល់ការគាំទ្រដ៏ខ្លាំងក្លា ដល់ការគាំពារអធិបតេយ្យភាពទឹកដី សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចជាបានរួមចំណែកសំខាន់ ក្នុងការគាំពារសុខសន្តិភាពរបស់ពិភពលោក។

លោក Wei Fenghe បានបន្តថា ក្នុងយុគសម័យថ្មី និងការចាប់ផ្តើមដំណើរថ្មី កងទ័ពទាំងមូលចាំបាច់ត្រូវតម្កល់គំនិតសង្គមនិយម ដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាគោលការណ៍ណែនាំ ពន្លឿនការធ្វើទំនើបកម្ម កិច្ចការការពារជាតិនិងកងទ័ព ខិតខំកសាងកងទ័ពប្រជាជនឱ្យកាន់តែខ្លាំងក្លានិងរឹងមាំ ដើម្បីផ្តល់ការគាំទ្រផ្នែកយុទ្ធសាស្ត្រ ដល់ការសម្រេចការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន