(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានប្រកាសថា កម្ទេចកម្ទីពីគ្រាប់រ៉ុក្កែតដែលបានបាញ់បង្ហោះបំណែក នៃស្ថានីយអវកាសថ្មីរបស់ចិនទៅកាន់គន្លងតារាវិថី បានធ្លាក់ចូលទៅក្នុងសមុទ្រ ប្រទេសហ្វីលីពីននៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២។

យោងតាមទីភ្នាក់ងារអវកាសចិនបាននិយាយថា ភាគច្រើននៃដំណាក់កាលចុងក្រោយ នៃរ៉ុក្កែត Long March 5B បានឆេះ បន្ទាប់ពីវាចូលទៅក្នុងបរិយាកាសនៅវេលាម៉ោង ១២៖៥៥នាទី(ម៉ោងនៅក្នុងតំបន់)។

សេចក្តីប្រកាសមិនបានផ្តល់ព័ត៌មានលម្អិតថា តើកម្ទេចកម្ទីដែលនៅសេសសល់បានធ្លាក់លើដី ឬចូលសមុទ្រទេ ប៉ុន្តែបាននិយាយថា «តំបន់ដែលធ្លាក់នោះគឺនៅរយៈបណ្តោយ ១១៩ដឺក្រេភាគខាងកើត និងរយៈទទឹង ៩.១ដឺក្រេភាគខាងជើង ដែលវាស្ថិតនៅក្នុងដែនទឹកភាគអាគ្នេយ៍នៃទីក្រុង Puerto Princesa របស់ហ្វីលីពីនម្តុំកោះ Palawan។

ទោះជាងយ៉ាងណា ភ្លាមៗនេះអាជ្ញាធរ ហ្វីលីពីន មិន ទាន់ បានរាយការណ៍ថា តើ មាន នរណា ម្នាក់ នៅ លើ កោះ រង ផល ប៉ះពាល់ ឬ អត់ នោះ ទេ។

គួរបញ្ជាក់ថា ប្រទេសចិនបានប្រឈមមុខនឹងការរិះគន់ចំពោះការអនុញ្ញាតឱ្យបំណែកនៃគ្រាប់រ៉ុក្កែតធ្លាក់មកផែនដី ដោយមិនអាចគ្រប់គ្រងបានចំនួនពីរដងរួចមកហើយ។ ទីភ្នាក់ងារ NASA បានចោទប្រកាន់ទីក្រុងប៉េកាំងកាលពីឆ្នាំមុនថា «មិនបានបំពេញតាមស្តង់ដារ ដែលទទួលខុសត្រូវទាក់ទងនឹងកម្ទេចកម្ទីអវកាសរបស់ពួកគេ» បន្ទាប់ពីផ្នែកខ្លះនៃគ្រាប់រ៉ុក្កែតរបស់ចិនបានធ្លាក់នៅមហាសមុទ្រឥណ្ឌា៕