(អូតាវ៉ា)៖ ប្រទេសកាណាដានឹងបោះចោលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា (AstraZeneca) ចំនួន ១៣.៦លានដូស បន្ទាប់ពីរដ្ឋាភិបាលកាណាដា បានស្វែងរកការផ្តល់វ៉ាក់សាំងរាប់លានដូសដល់ប្រទេសផ្សេងទៀត ប៉ុន្តែគ្មានអ្នកទទួលយក ទោះជាករណីឆ្លងកំពុងកើនឡើង ជុំវិញពិភពលោកក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។

កាលពីឆ្នាំ២០២០ កាណាដាបានចុះហេត្ថលេខាលើកិច្ចសន្យា ជាមួយក្រុមហ៊ុនអាស្រ្តហ្សេណេកា ដើម្បីទទួលបានវ៉ាក់សាំងចំនួន២០លានដូស ហើយប្រជាជនកាណាដាចំនួន ២.៣លាននាក់ បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស ភាគច្រើនកាលពីចន្លោះខែមីនា-ខែមិថុនា ឆ្នាំ២០២១។
យ៉ាងណាមិញ បន្ទាប់ពីមានការព្រួយបារម្ភកាលពីអំលុងត្រីមាសទី១ នៃឆ្នាំ២០២១ អំពីបញ្ហាកំណកឈាមដ៏កម្រ ប៉ុន្តែអាចបណ្តាលឱ្យឈានដល់បាត់បង់ជីវិតផងដែរនោះ កាណាដាបានសម្រេចបង្វែរទៅផ្តោតលើ ការប្រើប្រាស់វ៉ាក់សាំងប្រភេទ mRNA របស់ក្រុមហ៊ុន Pfizer-BioNTech និង វ៉ា់ក់សាំង Moderna ដែលខ្លួនមានគ្រប់គ្រាន់នៅក្នុងស្តុកវិញ។

កាលពីខែកក្កដា ឆ្នាំ២០២១ កាណាដាសន្យាថានឹងបរិច្ចាគវ៉ាក់សាំងដែលនៅសល់ចំនួនប្រមាណ ១៧.៧លានដូស ប៉ុន្តែគិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ វ៉ាក់សាំងចំនួន ១៣.៦លានដូស បានផុតកំណត់ប្រើប្រាស់ ហើយនឹងត្រូវតែបោះចោល។

គួរបញ្ជាក់ថា ប្រហែល ៨៥%នៃប្រជាជនកាណាដា ត្រូវបានចាត់ទុកថាបានចាក់វ៉ាក់សាំងពេញលេញ ខណៈបើគិតពីប្រជាជនលើពិភពលោកទាំងមូលវិញ គឺមាន៦១%។ ចំណែកប្រជាជនដែលរស់នៅ ក្នុងក្រុមប្រទេសក្រីក្របំផុត គឺមានចំនួន ១៦% ប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ៕