(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃពុធនេះ បាននិយាយថា ទីក្រុងប៉េកាំងត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការងារជាមួយ ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនគឺ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ដើម្បីឆ្ពោះទៅបង្កើតនូវ អ្វីដែលលោកហៅថា «យុគសម័យមាសថ្មី» ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក អេនរិគ ម៉ាណាឡូ (Enrique Manalo) លោក វ៉ាង យី បានលើកឡើងដូច្នេះថា «ទំនាក់ទំនងទ្វេភាគីបានឈានចូលដល់ទំព័រថ្មី តាមរយៈការជាប់ឆ្នោតជាប្រធានាធិបតីរបស់ លោក Marcos។ ភាគីចិនពិតជាពេញចិត្តខ្លាំងណាស់ ចំពោះការប្តេជ្ញានាពេលថ្មីៗនេះ របស់លោកប្រធានាធិបតី Marcos ក្នុងការស្វែងរកទំនាក់ទំនងជាមិត្ត ជាមួយប្រទេសចិន ហើយយើងក៏មានការស្ងើចសរសើរជាខ្លាំង ចំពោះសេចក្តីថ្លែងការណ៍ទាំងនោះផងដែរ ដែលបានបង្ហាញពីសញ្ញាយ៉ាងវិជ្ជមាន ចំពោះពិភពលោក»

លោកប្រមុខការទូតចិនបានបន្ថែមថា «យើងត្រៀមលក្ខណៈជានិច្ច ដើម្បីធ្វើសំដៅឆ្ពោះទៅទិសដៅតែមួយ ជាមួយហ្វីលីពីន ហើយក៏ត្រៀមខ្លួនជាស្រេចផងដែរ ដើម្បីរៀបចំផែនការសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង ឱ្យឆ្ពោះទៅមុខនៅក្នុងវិស័យទាំងអស់។ ខ្ញុំមានភាពជឿជាក់ថា តាមរយៈការរួមសហការគ្នារវាងភាគីទាំងពីរនឹង យើងច្បាស់ជានឹងអាចបង្កើតនូវយុគ្គសម័យមាសថ្មី សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ»

គួរបញ្ជាក់ថា លោក វ៉ាង យី កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ច នៅតំបន់អាស៉ីអាគ្នេយ៍ ចំពេលដែលសម្ព័ន្ធមិត្តរបស់ហ្វីលីពីន គឺសហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់នេះ។ កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីហ្វីលីពីនលោក Marcos ក៏បានលើកឡើងដែរថា លោកចង់ឱ្យទំនាក់ទំនងជាមួយទីក្រុងប៉េកាំង គឺលើសពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង៕