(អាប៊ូហ្សា)៖ អាជ្ញាធរប្រទេសនីហ្សេរីយ៉ា នៅថ្ងៃពុធនេះ បានប្រកាសឱ្យដឹងថា អគ្គលេខាធិការនៃអង្គការប្រទេសនាំចេញប្រេង អូប៉ិច (OPEC) គឺ លោក ម៉ូហាំម៉ាត់ បាគីនដូ (Mohammad Barkindo) បានទទួលមរណភាពហើយ នៅអាយុ៦៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។

លោក ម៉េឡេ គីយ៉ារី (Mele Kyari) នាយកប្រតិបត្តិការក្រុមហ៊ុនប្រេងរដ្ឋនីហ្សេរីយ៉ា NNPC បានប្រកាសពីដំណឹងមរណភាពនោះ តាមរយៈប្រព័ន្ធ Twitter ដោយលើកឡើងយ៉ាងដូច្នេះថា «យើងបានបាត់បង់លោក ម៉ូហាំម៉ាត់ សានូស៉ី បាគីនដូ ជាទីគោរពហើយ កាលពីវេលាម៉ោងខ្ទង់១១យប់ ថ្ងៃអង្គារសប្តាហ៍នេះ។ វាគឺជាការបាត់បង់ដ៏ធំធេងមួួ សម្រាប់គ្រួសារសពផ្ទាល់ ក៏ដូចជាចំពោះ NNPC, ចំពោះប្រទេសរបស់យើង ព្រមទាំងចំពោះអង្គការ OPEC និងសហគមន៍វិស័យថាមពលទូទាំងសកលលោក»

គួរបញ្ជាក់ថា លោក Barkindo ដែលជាអតីតនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន NNPC ត្រូវបានតែងតាំងជា អគ្គលេខាធិការនៃអង្គការ OPEC កាលពីឆ្នាំ២០១៦។ រូបលោកគឺជាជនជាតិនីហ្សេរីយ៉ាទី៤ ដែលបានកាន់តួនាទីជាប្រមុខ OPEC ខណៈបើគិតជារួមតែម្តងវិញនោះ គឺលោកជាបុគ្គលទី២៨ ដែលបានកាន់តួនាទីនេះ៕