(ប៊ែរឡាំង)៖ ចាប់តាំងពីផ្ទុះរដ្ឋប្រហារយោធាកាលខែកុម្ភៈ ឆ្នាំ២០២១មក មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល នៃការវាយប្រយុទ្ធគ្នារវាងយោធា និងក្រុមចលនាតស៊ូប្រដាប់អាវុធ ដែលកំពុងកើតឡើងទូទាំងប្រទេស។ ព្រមពេលជាមួយគ្នា មានការវាយតម្លៃជាច្រើនពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ហើយក៏មាន សំណួរដ៏សំខាន់មួយដែរ នោះគឺថាតើនរណាកំពុងឈ្នះក្នុងសង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា? ពោលគឺយោធារបស់លោក មីន អោងឡាំង ឬក៏ក្រុមចលនាតស៊ូប្រដាប់ អាវុធ?

សំណួរនេះមិនមែនត្រឹមតែកំពុងត្រូវបានចោទសួរពីប្រជាជនមីយ៉ាន់ម៉ាប៉ុណ្ណោះទេ តែបណ្ដាមេដឹកនាំក្នុងប្រទេសក្បែរខាងមីយ៉ាន់ម៉ា និងអ្នកជំនាញនៅជុំវិញ ពិភពលោក ក៏កំពុងចោទសួរសំណួរនេះដូចគ្នាដែរ។ ក្នុងរយៈពេលជាង ៦ខែចុងក្រោយនេះ មានរបាយការណ៍ បទអត្ថាធិប្បាយ និងបទសម្ភាសន៍ត្រូវបាន ចុះផ្សាយនៅលើបណ្ដាសារព័ត៌មានអន្តរជាតិ រីឯវិទ្យាសិក្សាស្រាវជា្រវជាច្រើនសុទ្ធតែកំពុងព្យាយាមឆ្លើយនឹងសំណួរនេះ។

* តើអ្នកជំនាញនិយាយអ្វីខ្លះ?
នៅក្នុងអត្ថបទវិភាគមួយចេញផ្សាយនៅលើសារព័ត៌មាន Asia Times ក្រោមចំណងជើងមានន័យជាភាសាខ្មែរថា «តើយោធាមីយ៉ាន់ម៉ា កំពុងចាញ់សង្រ្គាម ឬ?» អ្នកជំនាញសន្តិសុខ និងយោធា លោក អាន់ថូនី ដាវីស (Anthony Davis) បាននិយាយថាលោកជឿជាក់ថាចលនាតស៊ូប្រដាប់អាវុធមីយ៉ាន់ម៉ាកំពុងពង្រឹង ជ័យជម្នះរបស់ខ្លួន បន្ទាប់ពីលោកផ្ទាល់ធ្លាប់បាននិយាយក្រោយពីផ្ទុះរដ្ឋប្រហារថាចលនាតស៊ូនេះនឹងមិនអាចទប់ទល់ជាមួយយោធាឡើយ។

ដោយឡែក លោក ម៉ៃឃើល ម៉ាទីន (Michael Martin) ជាអ្នកវិភាគម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋាន ក្នុងទីក្រុងវ៉ាស៊ីនតោន បានសរសេរអត្ថបទវិភាគមួយមានចំណងជើង «តើយោធាមីយ៉ាន់ម៉ា កំពុងជិតដួលរលំឬ?» រីឯលោក យេ មីយ៉ូ ហាំង (Ye Myo Hein) និងលោក លូកាស មេយឺ (Lucas Meyer) ក៏បានចេញផ្សាយបទអត្ថាធិប្បាយនៅលើសារព័ត៌មាន «War on the Rocks» ផងដែរ ជាមួយការអំពាវនាវឱ្យមាន ការឯកភាពគ្នាបន្ថែម និងបំពាក់អាវុធកាន់តែប្រសើរដល់ចលនាតស៊ូប្រឆាំងរដ្ឋប្រហារ ដើម្បីនាំមីយ៉ាន់ម៉ាត្រឡប់ទៅរកប្រជាធិបតេយ្យវិញ។

តែតាមការពិត ការវាយតម្លៃពីស្ថានការណ៍ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានភាពខុសគ្នាយ៉ាងខ្លាំង ដោយវាអាស្រ័យទៅលើអ្វីដែលយើងកំពុងអាន? ជាឧទាហរណ៍ សារព័ត៌មាន The Economist បានធ្វើសេចក្ដីរាយការណ៍នៅក្នុងអត្ថបទមួយកាលពីពេលថ្មីៗនេះមានចំណងជើងថា «ចលនាតស៊ូរបស់មីយ៉ាន់ម៉ា កំពុងប្រឈមនឹងហានិភ័យនៃការជឿជាក់លើការឃោសនារបស់ខ្លួនឯង» ដោយប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងចែកចាយពីជ័យជម្នះ កាន់តែខិតជិតមកដល់ សម្រាប់ចលនាតស៊ូ។ អត្ថបទដដែលនេះក៏បានឱ្យដឹងដែរថាក្រុមចលនាប្រដាប់អាវុធប្រឆាំងរបបយោធាមីយ៉ាន់ម៉ាកំពុងបែកបាក់គ្នា ដោយ ក្នុងស្រុកតែមួយមានការបែងចែកបក្ខពួករាប់សិបក្រុម ហើយអាវុធដែលពួកគេកំពុងកាន់កាប់ បានត្រឹមតែធ្វើសង្រ្គាមព្រៃ និងការលួចធ្វើឃាតតែប៉ុណ្ណោះ។

ការវិភាគ និងសេចក្ដីរាយការណ៍ភាគច្រើន លើកលែងសារព័ត៌មាន The Economist សុទ្ធតែសន្មត់ថាស្ថានការណ៍បច្ចុប្បន្ននៅមីយ៉ាន់ម៉ាបានផ្ដល់អំណោយផល ដល់ចលនាតស៊ូប្រឆាំងរដ្ឋប្រហារក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តែរឿងដែលសំខាន់នោះ គឺនៅត្រង់ថាតើវាអំណោយផលដល់កម្រិតណា?

* តួលេខខុសគ្នា
បើពិនិត្យមើលឱ្យលម្អិត វាកាន់តែច្បាស់ទៅទៀតថាការវាយតម្លៃលើស្ថានការណ៍នៅមីយ៉ាន់ម៉ាទាំងមូលផ្អែកលើមូលដ្ឋាន និងតួលេខខុសៗគ្នា។ ជាក់ស្ដែង ទិន្នន័យ ស្ដីពីចំនួនអ្នកប្រយុទ្ធ និងអាវុធមានការខុសប្លែក ឬប្រែប្រួលពីការវិភាគមួយទៅការវិភាគមួយ ហើយវាក៏អាស្រ័យផងដែរលើថាតើអ្វីទៅដែលគេឱ្យនិយមន័យថា អាវុធ? ឧទាហរណ៍ អត្ថបទមួយចុះផ្សាយនៅលើសារព័ត៌មាន War on the Rocks បានកត់សម្គាល់ថាក្រុមចលនាតស៊ូប្រដាប់អាវុធមានឈ្មោះថាកងកម្លាំងការពារ របស់ប្រជាជន ឬ PDF បានជ្រើសរើសអ្នកប្រយុទ្ធចំនួន ១០០,០០០នាក់ ហើយក្នុងចំណោមពួកគេមាន ៤០ភាគរយត្រូវបានបំពាក់ដោយអាវុធទូទៅ និងអាវុធកែច្នៃ។

តែលោក ដាវីស នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី The Irrawaddy បានអះអាងថាក្រុមអ្នកប្រយុទ្ធនេះមានចន្លោះពី ៥០,០០០ ដល់ ១០០,០០០នាក់ ហើយ ដោយផ្អែកលើប្រភពបានមកពីក្រសួងការពារជាតិនៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) លោកបានបញ្ជាក់ថាក្រុមអ្នកប្រយុទ្ធ PDF មានមិនដល់ ២០ភាគរយ ទេដែលត្រូវបានបំពាក់អាវុធ។ ចំណែកឯ លោក មីន ហ្ស័វ អូ (Min Zaw Oo) មកពីវិទ្យាស្ថានមីយ៉ាន់ម៉ាដើម្បីសន្តិភាព បានវាយតម្លៃថា PDF មានអ្នកប្រយុទ្ធ ត្រឹមតែ ១០ភាគរយ ត្រូវបានបំពាក់ដោយអាវុធស្វ័យប្រវត្តិ។ លើសពីនេះទៅទៀត សំខាន់ជាងការខ្វះខាតអាវុធ នោះគឺការខ្វះខាតគ្រាប់រំសេវ បានន័យថា ក្រុមអ្នកប្រយុទ្ធមិនអាចតស៊ូប្រយុទ្ធជាមួយយោធាមីយ៉ាន់ម៉ា លើសពីមួយម៉ោងឡើយ។

* តើសេចក្ដីរាយការណ៍មានភាពលម្អៀង?
អត្ថបទព័ត៌មានចុះផ្សាយពីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ភាគច្រើនជួបបញ្ហាក្នុងការស្វែងរកទិន្នន័យ ឬប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តបាន។ លោក ដាវីស បាននិយាយនៅក្នុងអត្ថបទចេញផ្សាយលើសារព័ត៌មាន Asia Times ភាពស៊ីសង្វាក់គ្នានៃការវិភាគ គឺមានភាពស្មុគស្មាញជាទីបំផុត ដោយសារតែការខ្វះខាត ការរាយការណ៍ពីព័ត៌មាននៅសមរភូមិមុខនៃសង្រ្គាមស៊ីវិលសព្វថ្ងៃ។ តួយ៉ាង អ្នកសារព័ត៌មាននៅក្នុងស្រុកឈ្មោះ ខេប ដាយមិន (Cape Diamond) បានលើកឡើងថាប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសមីយ៉ាន់ម៉ាមិនបានផ្ដល់រូបភាពទាំងស្រុងឡើយ ហើយជាញឹកញាប់តែងតែរាយការណ៍ពីបរាជ័យរបស់កងកម្លាំង PDF។

ដូច្នេះបញ្ហាសំខាន់ គឺនៅត្រង់ការខ្វះខាតព័ត៌មានដែលគួរឱ្យទុកចិត្តបានស្ដីពីស្ថានការណ៍ទូទៅនៃជម្លោះនៅមីយ៉ាន់ម៉ា ស្របពេលព័ត៌មានខ្លះត្រូវបានរាយការណ៍ ដោយបុគ្គលធម្មតា ដែលពិបាកក្នុងការផ្ទៀងផ្ទាត់ដោយឯករាជ្យ។ តែទោះជាបែបនេះក្ដី អ្វីដែលគេដឹងយ៉ាងច្បាស់ គឺថាអំពើហិង្សាកំពុងរាលដាលកាន់តែខ្លាំង នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ ម្លោះហើយ សំណួរដែលសួរថាតើនរណានឹងឈ្នះក្នុងសង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា នៅពេលអនាគតប្រហែលមិនទាន់មានចម្លើយ ជាក់លាក់នោះទេ៕