(ឡុងដ៍)៖ មនុស្សយ៉ាងហោច ៣នាក់បានស្លាប់ និងអគារស្នាក់នៅមួយចំនួនរងការបំផ្លិចបំផ្លាញ ក្នុងទីក្រុងបែលហ្គូរ៉ូដ (Belgorod) របស់រុស្ស៉ីស្ថិតនៅក្បែរព្រំដែន អ៊ុយក្រែន បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីហេតុការណ៍ផ្ទុះជាច្រើន។ នេះបើតាមអភិបាលតំបន់ Belgorod ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២។

អភិបាលតំបន់ Belgorod លោក វីយ៉ាឆេសស្លាវ ក្លាដកូវ (Vyacheslav Gladkov) បានឱ្យដឹងនៅក្នុងសារមួយបង្ហោះលើ Telegram នៅថ្ងៃអាទិត្យនេះថាក្រៅពី អ្នកស្លាប់ទាំង៣នាក់ខាងលើ មនុស្ស៤នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ។ ចំណែកឯ អគារស្នាក់នៅចំនួន ១១ខ្នង និងផ្ទះ៣៩ខ្នង រងការខូចខាត ហើយក្នុង នោះមាន ៥ខ្នងត្រូវបានបំផ្លាញ។ លោក ក្លាដកូវ មិនបានបញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ ដោយគ្រាន់តែបញ្ជាក់ថាការស៊ើបអង្កេតមួយកំពុងធ្វើឡើង។

គួរបញ្ជាក់ថា Belgorod គឺជាទីក្រុងមួយរបស់រុស្ស៉ី មានប្រជាជនរស់នៅជិត ៤០០,០០០នាក់ ស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រពីភាគខាងជើងនៃតំបន់ព្រំដែនរបស់ អ៊ុយក្រែន និងជាតំបន់រដ្ឋបាល នៃតំបន់ Belgorod៕