(វ៉ាស៉ីនតោន)៖ រដ្ឋញូយ៉ករបស់សហរដ្ឋអាមេរិក បានអនុម័តច្បាប់ស្តីពីការប្រើប្រាស់កាំភ្លើងនៅថ្ងៃសុក្រសប្តាហ៍នេះ ដោយការហាមឃាត់មិនឲ្យមានការប្រើកាំភ្លើងនៅទីកន្លែងសាធារណៈជាច្រើន រួមទាំងតំបន់ Time Square និងតម្រូវឲ្យមានការស្នើសុំអាជ្ញាប័ណ្ណសម្រាប់ ហើយបញ្ជាក់នូវព័ត៌មានរបស់អ្នកប្រើប្រាស់មកឲ្យអាជ្ញាធរ ដើម្បីធ្វើការត្រួតពិនិត្យផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២។

អភិបាលក្រុងញូយ៉ក លោកស្រី ខេតធី ហូឈុល (Kathy Hochul) បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា អាជ្ញាប័ណ្ណកាំភ្លើងបានធ្វើឲ្យទីក្រុងញូយ៉ក មានអត្រាស្លាប់ដោយសារកាំភ្លើង ទាបបំផុតទី៥ក្នុងចំណោមរដ្ឋចំនួន៥០របស់សហរដ្ឋអាមេរិក។

សេចក្តីសម្រេចរបស់តុលាការ បានអនុញ្ញាតឲ្យមានការហាមឃាត់មនុស្សមិនឲ្យប្រើប្រាស់អាវុធ នៅកន្លែងដែលមានហានិភ័យ ប៉ុន្តែសមាជិកសភាក៏បានព្រមានមិនឲ្យអនុវត្តយ៉ាងទូលំទូលាយពេកនោះទេ។

គួរបញ្ជាក់ថា ច្បាប់ស្តីពីការប្រើប្រាស់កាំភ្លើង ត្រូវបានអនុម័តនៅក្នុងសម័យប្រជុំសភាបន្ទាន់មួយ ដែលជម្រុញដោយសេចក្តីសម្រេចរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន៕