(វ៉ាស៊ីនតោន)៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទៅកាន់តំបន់មជ្ឈិមបូព៌ានៅក្នុងខែកក្កដានេះ នឹងត្រូវធ្វើឡើងក្នុងបរិបទនៃចំហាយក្លិនសង្រ្គាម រវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ហើយអាចនឹងជាកិច្ចខិតខំប្រឹងប្រែងលើកចុងក្រោយរបស់លោក ដើម្បីស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ឬគេស្គាល់ថា JCPOA ដែលជា កិច្ចព្រមព្រៀងមួយ មានគោលដៅរារាំងមិនឱ្យអ៉ីរ៉ង់ផលិត ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីកិច្ចចរចាជុំចុងក្រោយនៅឯទីក្រុងវីយ្យែនមក ទីក្រុងតេហេរ៉ង់ បានបង្កើនល្បឿន ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតមួយដែលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ជឿជាក់ថាគ្រប់គ្រាន់ក្នុងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរក្នុងពេលដ៏ខ្លី។

នៅពេលទីភ្នាក់ងារ IAEA បានសន្មត់ថាអ៉ីរ៉ង់បានបរាជ័យក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមមន្ត្រីអធិការកិច្ច រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានរឹតត្បិតសកម្មភាពត្រួតពិនិត្យ លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយថែមទាំងប្រកាសពីការសាងសង់រោងចក្រនុយក្លេអ៊ែរក្រោមដីថ្មីៗជាច្រើនទៀតផង។ ការប្រកាសបែបនេះឯង បានធ្វើឱ្យអ៉ីស្រាអែល ក្ដៅស្លឹកត្រចៀក និងបានគំរាមត្រង់ៗថានឹងមិនអត់ឱនឱ្យជាដាច់ខាត បើអ៉ីរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរ ហើយថានឹងធ្វើសកម្មភាពតែម្នាក់ឯងដើម្បីសម្រេចគោលដៅរបស់ខ្លួន។ នេះមិនមែនត្រឹមតែជាការគំរាមតែមាត់នោះទេ តែអ៉ីស្រាអែលបានធ្វើសកម្មភាពតែម្ដង តាមរយៈការលួចធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងមន្ត្រីយោធារបស់អ៉ីរ៉ង់ ក៏ដូចជា ដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានអីរ៉ង់ នៅក្នុងប្រទេសស៊ីរី ហើយពង្រីកសមត្ថភាពវាយប្រហារតាមផ្លូវអាកាសដោយបង្កឱ្យមានការបារម្ភថាអ៉ីស្រាអែលអាចនឹង បើកការវាយប្រហារលើទីតាំងរោងចក្រនុយក្លេអ៊ែរ នៅលើទឹកដីអ៉ីរ៉ង់។

បន្ថែមពីលើនេះ ដោយមានការគំាទ្រពីសហរដ្ឋអាមេរិក អ៉ីស្រាអែល ក៏កំពុងស្វះស្វែងបង្កើតបក្សសម្ព័ន្ធយោធាថ្មីមួយផងដែរដើម្បីប្រឆាំងនឹងអ៉ីរ៉ង់ ដោយបើតាមកាសែត The Wall Street Journal សហរដ្ឋអាមេរិកបានកោះប្រជុំកាលពីខែមីនា ឆ្នាំ២០២២នេះជាមួយក្រុមមន្ត្រីសន្តិសុខមកពីអេហ្ស៉ីប អ៉ីស្រាអែល ហ្ស៊កដានី កាតា បារ៉ែន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ក្នុងគោលបំណងធ្វើសមាហរណកម្មចែករំលែកព័ត៌មានសម្ងាត់ និងប្រព័ន្ធការពារដែនអាកាស ទុកសម្រាប់ទប់ទល់នឹងការវាយប្រហារពីសំណាក់អ៉ីរ៉ង់។

ការវិវឌ្ឍស្ថានការណ៍បែបនេះ បាន និងកំពុងបង្កភាពច្របូកច្របល់ដល់ផែនការរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់តំបន់មជ្ឈិមបូព៌ា។ រដ្ឋបាលលោក បៃដិន បានអះអាងថា ការស្ដារឡើងវិញនូវកិច្ចព្រមព្រៀង JCPOA គឺជាមធ្យោបាយដ៏សំខាន់ដើម្បីគ្រប់គ្រងលើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ ប៉ុន្តែ ប្រសិនបើកិច្ចចរចាទទួលបរាជ័យ ថាតើសហរដ្ឋអាមេរិក អាចនឹងគាំទ្រផែនការខាងលើរបស់អ៉ីស្រាអែលដែរ ឬទេ? ខណៈគេមើលឃើញថារដ្ឋបាលលោក បៃដិន ហាក់ដូចជាបានប្រគល់ភារកិច្ចដោះស្រាយជាមួយអ៉ីរ៉ង់ ឱ្យអ៉ីស្រាអែល។ បើតាមក្រុមអ្នកជំនាញ នេះគឺជាវិធីសាស្ត្រប្រថុយនឹងគ្រោះថ្នាក់បំផុត ព្រោះថាវាបង្កហានិភ័យខ្ពស់នៃការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំនៅក្នុងតំបន់មជ្ឈិមបូព៌ាដែល វាអាចនឹងបង្ខំឱ្យសហរដ្ឋអាមេរិក ត្រូវវិលត្រឡប់ទៅរកជម្លោះរុំារ៉ៃសាជាថ្មី ហើយនេះគឺជាអ្វីដែលរុស្ស៉ី និងចិនប្រហែលជាកំពុងទន្ទឹមរង់ចាំ។

* យុទ្ធសាស្ត្រ «ដៃមឹក» របស់អ៉ីស្រាអែល
អ៉ីស្រាអែល បានសន្យាថាខ្លួននឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់ក្លាយជាមហាអំណាចនុយក្លេអ៊ែរជាដាច់ខាត ហើយពាក្យដាច់ខាតនេះមានន័យថារដ្ឋជី្វហ្វមួយនេះនឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើកម្លាំងយោធា។ កាលពីដើមខែមិថុនានេះ នៅពេលទទួលបានព័ត៌មាននៃការបញ្ជាក់ពីទីភ្នាក់ងារ IAEA ថាអ៉ីរ៉ង់មិនបានធ្វើកិច្ចសហការជាមួយក្រុមមន្ត្រីអធិការកិច្ច នុយក្លេអ៊ែរអន្តរជាតិ នាយករដ្ឋមន្ត្រីចាំផ្ទះអ៉ីស្រាអែល លោក ណាហ្វតាលី ប៊េនណេត (Naftali Bennett) បាននិយាយថា ការអត់ធ្មត់ចំពោះអ៉ីរ៉ង់បានដល់ទីបញ្ចប់ ហើយផ្ទុយពី អតីតនាយករដ្ឋមន្ត្រីលោក ណេតាន់យ៉ាហ៊ូ លោក ប៊េនណេត មិនបានចំណាយពេលស្រែកតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់នោះទេ តែលោកបានធ្វើសកម្មភាពច្រើន ជាងនិយាយជាមួយការដាក់ចេញ «យុទ្ធសាស្ត្រដៃមឹក» ប្រឆាំងនឹងអ៉ីរ៉ង់។

យុទ្ធសាស្ត្រនេះក្នុងរួមមានទាំងសកម្មភាពវិទ្ធង្សនា ការធ្វើឃាត ការវាយប្រហារព័ត៌មានវិទ្យា និងបើកការវាយប្រហារលើមូលដ្ឋានយោធា រួមទាំងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ អ៉ីរ៉ង់នៅក្នុងប្រទេសអ៉ីរ៉ាក់ លីបង់ និងស៊ីរី។ យុទ្ធសាស្ត្រថ្មីនេះដែរមិនមែនត្រឹមតែផ្ដោតលើរោងចក្រនុយក្លេអ៊ែរប៉ុណ្ណោះទេ តែវាគឺផ្ដោតលើអ៉ីរ៉ង់ទាំងមូលតែម្ដង ហើយនេះជាពិបាក ប៉ាស្មាន និងស្មុគស្មាញបំផុត បើធៀបទៅនឹងយុទ្ធសាស្ត្ររបស់អ៉ីស្រាអែលមុនៗ។ ជាឧទាហរណ៍ មួយរយៈកាលចុងក្រោយនេះ អ៉ីស្រាអែលបានពង្រីកយុទ្ធនាការលួចធ្វើឃាត ហួសពីអ្នកវិទ្យាសាស្ត្រអ៉ីរ៉ង់ រហូតដល់ការធ្វើឃាតលើមន្ត្រីយោធា ក្រោយពេលដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ម៉ូសសាដ (Mossad) ត្រូវបានគេរាយការណ៍ថាបានបាញ់ សម្លាប់វរសេនីយ៍ម្នាក់មកពីកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងទីក្រុងតេហេរ៉ង់។

* អាវុធសម្ងាត់របស់អ៉ីរ៉ង់
ខណៈអ៉ីស្រាអែល កំពុងត្រៀមលក្ខណៈកាន់តែខ្លាំង រីឯអ៉ីរ៉ង់ឯណេះវិញកាន់តែកេងចំណេញពេលវេលា។ តាមរយៈការបញ្ចៀសជម្លោះដោយផ្ទាល់ជាមួយអ៉ីស្រាអែល តេហេរ៉ង់ អាចបង្កើនល្បឿនកម្មវិធីនុយក្លេអ៊ែរ, ពង្រឹងសមត្ថភាពមីស៊ីល យន្ដហោះដ្រូន និងពង្រីកសមត្ថភាពយោធារបស់ខ្លួននៅក្នុងប្រទេសអ៉ីរ៉ាក់ លីបង់ ស៊ីរី និងយេម៉ែន។ ក្រុមមន្ត្រីអ៉ីរ៉ង់ ជឿជាក់យ៉ាងច្បាស់ថាប្រសិនបើអ៉ីស្រាអែលអាចអូសឱ្យតេហេរ៉ង់ធ្លាក់ចូលក្នុងជម្លោះ ឬសង្រ្គាម នោះរដ្ឋបាលលោក ចូ បៃដិននឹងបង្ខំចិត្តធ្វើអន្តរាគមន៍យោធាជួយអ៉ីស្រាអែល ហើយបណ្ដាប្រទេសអារ៉ាប់ ក៏នឹងឈរនៅខាងអ៉ីស្រាអែលដែរ។

ដូច្នេះហើយ អ៉ីរ៉ង់មានតែប្រើអាវុធសម្ងាត់របស់ខ្លួនប្រឆាំងនឹងអ៉ីស្រាអែល តាមរយៈ «សង្រ្គាមប្រូកស៊ី» នោះគឺប្រើប្រាស់កូនអុករបស់ខ្លួនដូចជាក្រុមហាម៉ាស់ និងហេសប៊ូលឡា។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យន្ដហោះដ្រូនរបស់ក្រុមហេសប៊ូលឡាបានហោះចូលក្នុងទឹកដីអ៉ីស្រាអែល, ក្រុមជីវពលស៊ីអ៉ីត ដែលមានសម្ព័ន្ធភាពជាមួយអ៉ីរ៉ង់ បានបើកការវាយប្រហារព័ត៌មានវិទ្យាលើអាកាសយានដ្ឋានដ៏សំខាន់របស់អ៉ីស្រាអែល ខណៈក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបាញ់គ្រាប់រ៉ុក្កែតលើអ៉ីស្រាអែល។ មិនតែប៉ុណ្ណោះ អ៉ីរ៉ង់ ក៏បានបង្ហាញពីចេតនាវាយប្រហារលើមូលដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែលនៅជាប់តំបន់ព្រំដែន ហើយបានដាក់សម្ពាធឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងប្រទេសអ៉ីរ៉ាក់ អនុម័តច្បាប់ថ្មីមួយដែលមានគោលដៅខ្ទប់ឥទ្ធិពលរបស់អ៉ីស្រាអែល ផងដែរ។

* តើលោក ចូ បៃដិន គួរតែធ្វើបែបណា?
នៅប៉ុន្មានសប្ដាហ៍ខាងមុខ សហរដ្ឋអាមេរិកនឹងត្រូវដើរចូលក្នុងស្ថានការណ៍មួយដ៏សំខាន់ នោះគឺទប់ស្កាត់យ៉ាងណាកុំឱ្យស្រមោលសង្រ្គាមរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ផ្ទុះទៅជា សង្រ្គាមពិតប្រាកដគ្រប់គ្រងលែងបាន។ ជាការពិតណាស់ ការបង្កើនការវាយប្រហាររបស់អ៉ីស្រាអែល និងសង្រ្គាមប្រូកស៊ីរបស់អ៉ីរ៉ង់ មានហានិភ័យខ្ពស់ផ្ទុះទៅជា សង្រ្គាមទ្រង់ទ្រាយធំ ដែលអាចនឹងដុតបញ្ឆេះភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ព្រមទាំងអាចអូសបន្លាយវិបត្តិនយោបាយក្នុងប្រទេសអ៉ីរ៉ាក់ និងលីបង់ និងអាចបំផ្លាញ ដល់បទឈប់បាញ់រវាងក្រុមឧទ្ទាមហ៊ូទី និងក្រុមចម្រុះអារ៉ាប់ដឹកនាំអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយេម៉ែន រហូតអាចបង្កើនជម្លោះនៅក្នុងប្រទេសស៊ីរី។

សង្រ្គាម ឬជម្លោះទ្រង់ទ្រាយធំណាមួយក្នុងតំបន់មជ្ឈិមបូព៌ា វានឹងមិនផ្ដល់ប្រយោជន៍អ្វីដល់សហរដ្ឋអាមេរិកទៀតនោះទេ ដ្បិតសព្វថ្ងៃអ្វីដែលអាមេរិកកំពុងផ្ដោតគឺសង្រ្គាមរបស់ រុស្ស៉ីនៅអ៊ុយក្រែន និងការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី។ បានន័យថាសហរដ្ឋអាមេរិកមិនចង់បង្វែរធនធាន ឬយោធារបស់ខ្លួនចេញពីអាស៊ី ឬអឺរ៉ុបឡើយ។ ដូច្នេះដើម្បី បញ្ចៀសកុំឱ្យរឿងបែបនេះកើតឡើង ក្រុមអ្នកជំនាញខ្លះយល់ថារដ្ឋបាលលោក ចូ បៃដិន ត្រូវតែ «កំណត់បន្ទាត់ក្រហម» ជាមួយរដ្ឋាភិបាលអ៉ីស្រាអែល និងដាក់ចេញយុទ្ធសាស្ត្រ មួយដើម្បីស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា ដែលមិនមែនពឹងផ្អែកលើការគ្រប់គ្រង និងការប្រឈមមុខជាមួយអ៉ីរ៉ង់ ឬក៏ការធានារយៈពេលខ្លីនៃការបញ្ចុះតម្លៃប្រេងនោះដែរ។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកត្រូវតែបង្កើតក្របខណ្ឌមួយប្រកបដោយនិរន្តភាពដើម្បបង្ការជម្លោះ ឬសង្រ្គាមផ្ទុះឡើងហើយមធ្យោបាយដ៏ល្អ គួរតែសម្រេចឱ្យបានកិច្ចព្រមព្រៀង មួយជាមួយអ៉ីរ៉ង់។ កិច្ចព្រមព្រៀងនេះវានឹងមិនធ្វើឱ្យអ៉ីសា្រអែលពេញចិត្តទេ ហើយវាក៏មិនអាចបញ្ឈប់សកម្មភាពរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ និងកងជីវពលស៊ីអ៉ីតទាំងស្រុង នៅក្នុងតំបន់នោះដែរ។ ប៉ុន្តែ យ៉ាងហោចណាស់ វាអាចគូសបន្ទាត់មួយកុំឱ្យកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ដើររំលង និងរារាំងកុំឱ្យអ៉ីស្រាអែលធ្វើសកម្មភាពបន្ទាន់ដែលមិនមានភាព ចាំាបាច់។

ការសម្រេចបានកិច្ចព្រមព្រៀង ថែមទាំងអាចទប់ស្កាត់កុំឱ្យអ៉ីរ៉ង់ធ្វើសកម្មភាពសងសឹកនៅក្នុងតំបន់ ដូចជាការវាយប្រហារលើកប៉ាល់ដឹកប្រេង ឬរោងចក្រប្រេង ដែលមានតែធ្វើឱ្យ តម្លៃប្រេងកាន់តែឡើងថ្លៃកប់ពពក តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត វាក៏អាចផ្លាស់ប្ដូរទំនាក់ទំនងរបស់អ៉ីរ៉ង់ជាមួយបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស ខណៈតេហេរ៉ង់ កំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយគុយវ៉ែត អូម៉ង់ និងកាតា និងកំពុងស្ដារទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាអារ៉ាប់រួម តាមរយៈការជួបចរចាគ្នាជាច្រើនលើក កន្លងមកនេះ។ ដូច្នេះចង់ ឬមិនចង់ មានតែកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ ដែលជួយដោះស្រាយបញ្ហាទាំងនេះបាន។

គួរបញ្ជាក់ថា ទោះជាប្រទេសអារ៉ាប់មិនត្រូវគ្នាជាមួយអ៉ីរ៉ង់ និងកំពុងពង្រឹងទំនាក់ទំនងសន្តិសុខជាមួយអ៉ីស្រាអែលក៏ដោយ ក៏ពួកគេមិនចង់ស្ថិតនៅចន្លោះសង្រ្គាមរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ នោះដែរ។ ម្លោះហើយ ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា លោក ចូ បៃដិន គួរតែប្រើឱកាសនេះបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ដើម្បីអាចផ្ដោតលើសង្រ្គាម របស់រុស្ស៉ីនៅអ៊ុយក្រែន និងខ្ទប់ឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី៕