(អាថែន)៖ នាយករដ្ឋមន្រ្តីក្រិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឱ្យដឹងថា ប្រទេសលោកបានបញ្ជូនសំណើជាផ្លូវការ ទៅកាន់សហរដ្ឋអាមេរិកហើយ សម្រាប់ការសុំទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin ចំនួន២០គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។

នាយករដ្ឋមន្រ្តីក្រិក លោក គ្រីយ៉ាកូស មីសូតាគីស (Kryiakos Mitsotakis) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ NATO យ៉ាងដូច្នេះថា «ចេតនារបស់យើងគឺទិញយន្តហោះចម្បាំង F-35 ចំនួន១កង ប្រហែល២០គ្រឿង ជាមួយជម្រើសសម្រាប់ ការទិញ១កងទៀត»។

បើតាមលោក មីសូតាគីស ការបញ្ជូនសំណើទៅកាន់សហរដ្ឋអាមេរិក គឺជាជំហានដំបូង នៃដំណើរការទិញ-លក់ ដែលនឹងត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន និងប្រើពេលយូរឆ្នាំ ដោយលោករំពឹងថា រដ្ឋាភិបាលក្រិកនឹងចាប់ផ្តើមទទួលបាន យន្តហោះទាំងនោះ នៅចន្លោះឆ្នាំ២០២៧-២០២៨។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ទីក្រុងអាថែនបានបញ្ជាទិញ យន្តហោះចម្បាំង រ៉ាវ៉ាល់ (Rafale) របស់ក្រុមហ៊ុន ដាសូល (Dassualt) ចំនួន២៤គ្រឿង ក្នុងតម្លៃ ២.៥ពាន់លានអឺរ៉ូ (២.៦០ពាន់លានដុល្លារ) ព្រមទាំងនាវាចម្បាំងចំនួន៣គ្រឿង ជាមួយជម្រើសសម្រាប់ទិញ ១គ្រឿងថែមទៀតពី ប្រទេសបារាំង សម្រាប់តម្លៃ៣ពាន់លានអឺរ៉ូ។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិក្រិក ក៏ត្រូវគេរាយការណ៍ថា មានគម្រោងចង់កែលំអយន្តហោះចម្បាំង F-16 របស់ខ្លួន ចំនួន៣៨គ្រឿង ផងដែរ៕