(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍នេះ ទីក្រុងកៀវបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយប្រទេសស៉ីរី បន្ទាប់ពីស៉ីរី បានទទួលស្គាល់ការប្រកាសឯករាជ្យ របស់តំបន់ដូណេត (Donetsk) និងតំបន់លូហាន់ (Luhansk) ដែលនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Anadolu នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងការបរទេសអ៊ុយក្រែនបានថ្កោលទោស ការសម្រេចចិត្តរបស់ស៉ីរីថាជា សកម្មភាពអមិត្តប្រឆាំងលើអ៊ុយក្រែន, ជាការទន្ទ្រានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ព្រមទាំងជាការបំពានចំពោះច្បាប់របស់អ៊ុយក្រែន, ចំពោះធម្មនុញ្ញរបស់ UN ក៏ដូចជាចំពោះបទដ្ឋាននិងគោលការណ៍គ្រឹះ នៃច្បាប់អន្តរជាតិ។

ទីក្រុងកៀវបានបន្ថែមថា ដូច្នេះហើយ ឆ្លើយតបចំពោះទង្វើអមិត្តខាងលើ អ៊ុយក្រែនប្រកាសកាត់ផ្តាច់ ទំនាក់ទំនងការទូតជាមួយស៉ីរី តែដោយមិនកាត់ផ្តាច់ទំនាក់ទំនងស្ថានកុងស៊ុល ស្របតាមមាត្រា២ នៃអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងស្ថានកុលស៊ុល ដែលសម្រេចបានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៦៣។ មិនតែប៉ុណ្ណោះ អ៊ុយក្រែនក៏នឹងចាប់ផ្តើម នីតិវិធីដាក់ទណ្ឌកម្មពាណិជ្ជកម្មលើស៉ីរី និងទណ្ឌកម្មផ្សេងទៀត ទៅលើស្ថាប័ននិងបុគ្គលផ្នែកយុត្តិធម៌របស់ស៉ីរីផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ អ៊ុយក្រែនបានបិទស្ថានទូតរបស់ខ្លួន នៅទីក្រុងដាម៉ាស ដោយសារតែឧក្រិដ្ឋកម្មដែលរបបដឹកនាំ របស់ប្រធានាធិបតី បាស្សារ អាល់ អាស្សាដ (Bashar al-Assad) បានប្រព្រឹត្តប្រឆាំងលើប្រជាជនស៉ីរី ហើយថែមទាំងបានបញ្ជាឱ្យបិទស្ថានទូតស៉ីរីនៅអ៊ុយក្រែន កាលពីឆ្នាំ២០១៨ ទៀតផង៕