(ប៉េកាំង)៖ ថ្ងៃទី ២៨ ខែមិនុថា លោក Xi Jinping ប្រធានរដ្ឋចិនដែលកំពុងចុះត្រួតពិនិត្យការងារ នៅក្រុងវូហនខេត្តហ៊ូបៃប្រទេសចិន បានទៅក្រុមហ៊ុនវិស្វកម្មឡាស៊ែរ Huagong ក្រុងវូហ៊ាន ដើម្បីត្រួតពិនិត្យការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ការផលិតជាន់ខ្ពស់ និងការអភិវឌ្ឍសេដ្ឋកិច្ចដោយគុណភាពខ្ពស់។

លោកបានគូសបញ្ជាក់ថា ជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍និងធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិន កសាងប្រទេសខ្លាំងក្លាផ្នែកផលិតកម្ម ចាំបាច់ត្រូវបង្កើនការសិក្សាស្រាវជ្រាវបច្ចេកវិទ្យា ហើយក្តាប់បច្ចេកវិទ្យាស្នូលកាន់តែច្រើន ដែលមានកម្មសិទ្ធិបញ្ញាម្ចាស់ការ ដើម្បីក្តាប់ជាប់បច្ចេកវិទ្យាក្នុងកណ្តាប់ដៃរបស់ខ្លួនយ៉ាងរឹងមាំ។

សហគ្រាសដែលលោក Xi Jinping បានចុះត្រួតពិនិត្យការងារនេះ បង្កើតឡើងនៅឆ្នាំ១៩៩៧ ទទួលខុសត្រូវកម្មវិធីសំខាន់ និងកម្មវិធីសិក្សាស្រាវជ្រាវបច្ចេកវិទ្យាសំខាន់ ក្នុងមុខរបរឡាស៊ែរ។ នៅមុខអគាររោងចក្រ លោក Xi Jinping បានសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយបុគ្គលិកសហគ្រាស។ លោក Xi Jinping បានលើកឡើងថា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ទី១ពឹងផ្អែកលើការវិនិយោគ ទី២គឺពឹងផ្អែកលើធនធានមនុស្ស។ លោកបានលើកទឹកចិត្តឱ្យបុគ្គលិកបច្ចេកវិទ្យារួម ចំណែកកាន់តែច្រើនដល់ប្រជាជាតិនិងប្រជាជន៕

វិទ្យុមិត្តភាពកម្ពុជាចិន