(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បាននិយាយនៅថ្ងៃពុធនេះសប្ដាហ៍នេះថា អ្វីដែលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើនៅអ៊ុយក្រែន គឺជា «ទង្វើបិសាច»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំំ២០២២។

ឆ្លើយតបនឹងសំណួរថាតើ លោក ពូទីន ជាមនុស្សអាក្រក់ឬទេ? ក្នុងបទសម្ភាសន៍មួយកំលុងពេលចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងមាឌ្រីដ ប្រទេសអេស្ប៉ាញ, លោក ចនសុន បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាអ្វីដែលលោក ពូទីនកំពុងធ្វើ គឺជាទង្វើបិសាច ហើយខ្ញុំគិតថាអ្នកដែលធ្វើតាមទង្វើនោះគឺជា មនុស្សអាក្រក់ដូចគ្នា។ វាគឺជាទង្វើដ៏គួរឲ្យរន្ធត់នៃការឈ្លានពានដោយគ្មានការធានា ប្រឆាំងនឹងប្រជាជនស្លូតត្រង់»

គួរបញ្ជាក់ថា ក្នុងពេលដែលមេដឹកនាំចំនួន៣០ប្រទេស ដែលជាសមាជិករបស់ NATO កំពុងជួបប្រជុំគ្នានៅឯទីក្រុងម៉ាឌ្រីត កងកម្លាំងរុស្ស៉ីបានបង្កើនការវាយលុក លើអ៊ុយក្រែន រួមទាំងការវាប្រហារដោយមីស៉ីល និងការបាញ់ផ្លោងទៅលើតំបន់មីកូលេវ (Mykolaiv) និងតំបន់សមុទ្រខ្មៅ៕